(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូនសម្តេចក្រ ឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាសាច់ញាតិទាំងអស់ ចំពោះ មរណភាពរបស់មហាឧបាសិកា ស ស៊ន់។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវ សោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយសម្តេចក្រឡាហោម ស ខេង និង សាច់ញាតិទាំងអស់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសរំលេចថា មរណភាពរបស់មហាឧបាសិកា ស ស៊ន់ គឺជាបាត់បង់នូវ បងស្រីបង្កើត និងជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និង ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក មហាឧបាសិកាបានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ មហា ឧបាសិកា ស ស៊ន់ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។
សពមហាឧបាសិកា ស ស៊ន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហ ឋានលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខាងក្រោយសាលា ខណ្ឌសែនសុខ។ នៅថ្ងៃទី២៧ ខែវិច្ឆិកា សពមហាឧបាសិកា នឹងត្រូវរំកិល ហើយដង្ហែយកទៅធ្វើ ពិធីបូជានៅមុខវត្តបុទុមវតី៕