ប្រមុខការទូតអូស្រ្តាលី ពន្យល់សម្តេចតេជោ ហ៊ុន សែន ថា៖ ការចូលរួមសម្ព័ន្ធ AUKUS គឺដើម្បី ទទួលបាននាវាមុជទឹកសម្រាប់អភិវឌ្ឍសមត្ថភាពកងទ័ព ហើយគ្មានបំណងបង្កើតថាមពល នុយក្លេអ៊ែរស៊ីវិលទេ


 (ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ប្រមុខការទូតអូស្រ្តាលី បានអះអាងប្រាប់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ថា ការដែលអូស្ដ្រាលីចូល រួមនៅក្នុងសម្ព័ន្ធត្រីភាគី AUKUS នេះ គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរ ស៊ីវិលនោះទេ។

លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីអូស្ត្រាលី បាន អញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ច ផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកស្រីបានចូលជួប សម្ដែងការគួរសមចំពោះ សម្ដេចតេជោ ហ៊ុន សែន និងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលអំពីទស្សនកិច្ចរបស់ លោកស្រី ម៉ារីស ផែន ដែលទទួលបាន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «លោកជំទាវ ម៉ារីស ផេន ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរ ចំពោះការបង្កើតភាពជាដៃគូសន្ដិ សុខត្រីភាគី “AUKUS” និងបានអះអាងថា ការដែលអូស្ដ្រាលីចូលរួមនៅក្នុង AUKUS នេះ គឺដើម្បី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ ស្របពេលជាមួយគ្នានេះ អូស្ដ្រាលីនៅ តែបន្ដប្ដេជ្ញាចិត្តចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងតំបន់»

ភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី កាលពីពេលថ្មីៗនេះ ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិត នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដោយសារការចងសម្ព័ន្ធមិត្តនេះ អូស្រ្តាលីបាន សម្រេចលុបចោល កិច្ចព្រមព្រៀងជាមួយបារាំង ដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវា មុជទឹកធម្មតាចំនួន១២គ្រឿង រហូតមានការវាយប្រហារគ្នាតាមរយៈពាក្យសម្តី និងការទូតជាបន្ត បន្ទាប់។ បណ្តាប្រទេសជាច្រើន ក្នុងនោះមានអាស៊ានផងដែរ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាថ្មីនេះ ដែលបង្កើតជារឿងស្មុគស្មាញសម្រាប់ពិភពលោក ខណៈដែលអាស៊ាន និង អូស្រ្តាលី ត្រូវបានដំឡើងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២២តទៅ ជាពេលដែល កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំលើកទី៣។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ ដែលរៀបចំដោយប្រទេសប្រ៊ុយណេ តាមប្រព័ន្ធ អនឡាញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន -អូស្រ្តាលី ក៏បានផ្លាស់ប្តូរទស្សនៈគ្នា អំពីសម្ព័ន្ធភាពសន្តិសុខត្រីភាគីអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក (AUKUS)នេះផងដែរ។

នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានអះអាងជាថ្មីដល់មេដឹកនាំអាស៊ាន នូវការប្តេជ្ញាចិត្ត របស់អូស្ត្រាលី ចំពោះមជ្ឈភាពអាស៊ាននូវ សន្តិភាព និងសន្តិសុខតំបន់ រួមមានតាមរយៈការគាំទ្រ ដល់ទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះ សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)ទៀតផង៕