មន្ត្រីជាន់ខ្ពស់ថៃ និយាយថា កម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលករនៅថៃបាន តែមន្ត្រីសុខាភិបាលថៃជាអ្នកចាក់


 (បាងកក, ថៃ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ រីឯការចាក់ គឺត្រូវអនុវត្តដោយមន្ត្រីសុខាភិបាលថៃ។

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ លោក វិស្នុ គ្រឿងង៉ាម ក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ។

ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា មន្ត្រីខ្មែរដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរបស់ថៃ ហើយ កំពុងបំពេញទស្សនកិច្ចនៅថៃនោះ បានប្រាប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងជំនួបនោះ រូបឯកឧត្តម និងលោកឧបនាយករដ្ឋមន្ត្រីថៃ បានជជែកគ្នាពីការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានស្នើបន្ថែមទៅឧបនាយក រដ្ឋមន្ត្រីជួយយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្មែរ ដើម្បីទប់ទល់ការរាលដាលជំងឺកូវីដ១៩។

ឯកឧត្តម សុខ សុក្រឹត្យា បានបន្ថែមថា ក្នុងជំនួបនោះ លោក៏បានលើកពីបំណងរបស់សម្តេចតេជោ ហ៊ុន សែន រកកិច្ចសហប្រតិបត្តិការ ដើម្បីបានផ្តល់ជាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេស ថៃផងដែរ។

ឆ្លើយតបសំណើស្តីពីកិច្ចសហប្រតិបត្តិការដើម្បីផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនេះ លោកឧបនាយក រដ្ឋមន្ត្រីថៃ វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានជជែក ហើយក៏បានសម្រេចដែរថា កម្ពុជា អាចផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរស់នៅ និងធ្វើការក្នុងប្រទេសថៃបាន។ ប៉ុន្តែមិនអាចទៅចាក់ដោយខ្លួនឯងបានឡើយ ពោលគឺកម្ពុជា អាចផ្តល់វ៉ាក់សាំង ហើយមន្ត្រីសុខា ភិបាលថៃជាអ្នកចាក់ជូន។ ដោយឡែកមន្ត្រីកម្ពុជា អាចចូលរួមសង្កេតការណ៍លើការងារចាក់នេះ បាន។

ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ដូច្នេះ «លោក [វិស្នុ គ្រឿងង៉ាម] ថា តាមផ្លូវច្បាប់ថៃ ហ្នឹង យើងមិនអាចយកវ៉ាក់សាំងមក ហើយយកមន្ត្រីសុខាភិបាលយើងមកចាក់បានទេ។ តែបើយើងយកវ៉ាក់សាំងមក ហើយឱ្យមន្ត្រីសុខាភិបាលថៃចាក់ ដោយមានយើងសង្កេតការណ៍ អាហ្នឹងអាចធ្វើទៅបាន»។

ក្នុងជំនួបនោះ លោក វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណា រដ្ឋាភិបាលថៃ បាន យកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរ ហើយក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគេផងដែរ ប៉ុន្តែ មិនបានលឿននោះឡើយ។

លោក វិស្នុ គ្រឿងង៉ាម បានលើកឡើងថា ប្រសិនបើកម្ពុជាអាចផ្តល់វ៉ាក់សាំងទៅ ការចាក់ជូនពលរដ្ឋ ខ្មែរអាចបានលឿន។ លោកឧបនាយករដ្ឋមន្ត្រីថៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ យកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ។

ឯកឧត្តម សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា ពេលនេះមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងជជែកគ្នាលើការងារនេះដើម្បីរកយន្តការកិច្ចសហប្រតិបត្តិការឈានទៅការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនៅថៃ៕