(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១អោយដឹងថា រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរ ទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យ ទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។
លោក Lee In-young ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកប្រធានាធិបតី មូន ជែអ៊ិន បាន លើកឡើងជាថ្មីនូវសំណើផ្លូវការមួយ អញ្ជើញសម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅក្នុងជំនួបមួយនៅឯបុរីវ៉ាទីកង់កាលពីសប្ដាហ៍មុន។ លោក មូន ជឿជាក់ដំណើរទស្សនកិច្ចរបស់ សម្ដេចប៉ាបនឹងជួយលើកកម្ពស់សន្តិភាពនៅលើ ឧបទ្វីបកូរ៉េ ខណៈសម្ដេចប៉ាបក៏ធ្លាប់បានបញ្ជាក់ពី ព្រះទ័យយាងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងផងដែរ។ ប៉ុន្តែបើតាមលោក Lee In-young ដែលបានអមដំណើរ លោក មូន ក្នុងជំនួបជាមួយសម្ដេចប៉ាបដែរនោះ អ្វីៗគឺវាអាស្រ័យទាំងស្រុង លើការសម្រេចចិត្តរបស់កូរ៉េខាងជើង។
សូមបញ្ជាក់ថា លោក មូន ជែអ៊ិន ក៏ធ្លាប់បានលើកឡើងនូវសំណើយាងសម្ដេចប៉ាបបំពេញទស្សន កិច្ចទៅកាន់កូរ៉េខាងជើងផងដែរ កាលពីឆ្នាំ២០១៨ តែបានបរាជ័យ ដោយសារតែភាពជាប់គាំង នៃកិច្ចចរចនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ មកទល់នឹងពេលនេះ, របបដឹកនាំ លោកគីមជុងអ៊ុនមិនបានឆ្លើយតបនឹងសំណើអាមេរិកនោះទេពាក់ព័ន្ធនឹងការរៀបចំកិច្ចចរចាឡើងវិញ ដោយចង់ឱ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន៕