(កោះកុង)៖ តាមបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១បានអោយ ដឹងថា តាមការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងអាចបើក ដំណើរ ការ សាកល្បងនៅខែធ្នូ ឆ្នាំ២០២១នេះ ប៉ុន្ដែដោយសារ បញ្ហាយឺតយ៉ាវមួយចំនួន ធ្វើឲ្យអា កាស យាន ដ្ឋានអន្តរជាតិមួយនេះ ត្រូវពន្យារពេលបើកដំណើរការសាកល្បង នៅចុងត្រីមាសទី១ ឆ្នាំ ២០២២ ខាងមុខ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា តាមពិតអាកាសយានដ្ឋានអន្តរជាតិតារាសា គរ ខេត្តកោះកុង គ្រោងបញ្ចប់ការសាងសង់ នៅចុងខែតុលា ហើយគ្រោងបើកដំណើរការសាកល្បង នៅខែធ្នូឆ្នាំ២០២១នេះប៉ុន្តែពេលនេះត្រូវពន្យារពេលដំណើរការសាកល្បងរហូតដល់ដើមឆ្នាំ២០២២វិញ ឬក្នុងត្រីមាសទី១ ឆ្នាំ២០២២។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការពន្យារពេលបើកដំណើរការសាកល្បងនេះ ដោយសារ តែក្រោយការវាយតម្លៃ ត្រួតពិនិត្យចុងក្រោយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មើលឃើញ ថា៖
* ទី១៖ មានការងារខ្លះ នៅសេសសល់ ដែលក្រុមហ៊ុន ត្រូវការពេលវេលាបន្ថែមទៀតក្នុងការបំពេញ ដូចជាការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងសុវត្ថិភាព មុននឹងអាកាសចរស៊ីវិលចេញលិខិត បញ្ជាក់ទទួលស្គាល់ និងផ្សព្វផ្សាយជាផ្លូវការ។
* ទី២៖ មានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កម្រិតមធ្យម នៅក្នុងការដ្ឋានសាងសង់ បន្ទាប់ពី បុណ្យភ្ជុំបិណ្ឌរួច ធ្វើឲ្យដំណើរការសាងសង់ ត្រូវបានពន្យារពេលជិតមួយខែ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា «ក្រុមហ៊ុនសាងសង់ត្រៀមខ្លួនរួចអស់ហើយ ប៉ុន្តែតាមការ ត្រួតពិនិត្យ និងវាយតម្លៃរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាត់អាចត្រូវការពេលវេលាបន្ថែម បន្តិចទៀត ដើម្បីបើកប្រតិបត្តិការសាកល្បង។ អីចឹងផែនការបើកអាចធ្វើនៅចុងខែធ្នូនេះ នឹងត្រូវរំកិល ទៅដើមឆ្នាំក្រោយ ក្នុងចុងត្រីមាសទី១»។
បើតាមការបញ្ជាក់ របស់តំណាងក្រុមហ៊ុន Tianjin Union Development Group (UDG) ព្រលាន យន្ដហោះអន្តរជាតិតារាសាគរ បច្ចុប្បន្នគម្រោងសាងសង់ព្រលានយន្ដហោះ សម្រេចការសាងសង់ ៩៥ភាគរយហើយ ខណៈដំណើរការសាកល្បងអាចនឹងធ្វើឡើងនៅត្រីមាសទី១ ឆ្នាំ២០២២។ ប្រសិនបើការសាកល្បង ទទួលបានជោគជ័យ អាកាសយានដ្ឋានតារាសាគរនេះ នឹងអាចបើកការ ហោះហើរផ្លូវការ នៅពាក់កណ្ដាល ឆ្នាំ២០២២ ហើយចំពោះអគារនៃអាកាសយានដ្ឋានវិញ អាច មានលទ្ធភាពទទួលអ្នកដំណើរ ចេញ-ចូល និងឆ្លងកាត់ជិត១លាននាក់ក្នុងមួយឆ្នាំ។
ក្នុងជំនួបពិភាក្សាគ្នារវាងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះតារាសាគរ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុនពន្លឿននូវការ សាងសង់ ព្រលានយន្តហោះនេះ ឲ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ជាពិសេសតភ្ជាប់ពីខេត្តសៀមរាប ដែលនឹងចាប់ផ្តើមដំណើរការក្នុងពេល ខាងមុខនេះ៕