(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រៀមលក្ខណៈរួចជាស្រេច ទាំងកម្លាំង មធ្យោបាយ សម្ភារៈ ត្រៀមចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលអាចនឹងរងគ្រោះ ដោយសារទឹកជំនន់តាមបណ្តោយស្ទឹងព្រែកត្នោត ដោយសារកម្ពស់ទឹកហក់ឡើងខ្ពស់ ត្រៀម ប្រកាសអាសន្ន ប្រកបដោយស្មារតីម្ចាស់ការខ្ពស់។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាន ចាត់តាំងក្រុមការងារចុះត្រួត ពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោ ដើម្បីដាក់ចេញនូវផែនការ រំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់មកដល់៕