(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន បានរាយការណ៍ដោយដកស្រង់ប្រភព ពីមន្ទីរពេទ្យថា យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុម អ្នកប្រយុទ្ធតាលីបង់ និងក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធមួយក្រុម នៅក្នុងខេត្តហេរ៉ាត់ (Herat) ភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន។
ប្រព័ន្ធផ្សព្វផ្សាយនៅអាហ្វហ្កានីស្ថានបានចេញសេចក្តីរាយការណ៍ដូច្នេះថា «សាកសពមនុស្សសរុបចំនួន១៧នាក់ ក្នុងនោះរួមមានកុមារ ៧នាក់, ស្រ្តី៣នាក់ និងបុរស៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យមួយកន្លែង នៅក្នុងខេត្តហេរ៉ាត់។ ពួកគេទាំងអស់ សុទ្ធតែបានបាត់បង់ជីវិត ក្រោយរងរបួសដោយ សារគ្រាប់កាំភ្លើង»។
សូមបញ្ជាក់ថា យោងតាមការអះអាងរបស់អាជ្ញាធរនៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់បានដឹកនាំ ប្រតិបត្តិការពិសេសមួយ នៅខេត្តហេរ៉ាត់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមគោលដៅប្រឆាំងនឹង ក្រុមឧក្រិដ្ឋជននៅទីនោះ ដែលជាប់ពាក់ព័ន្ធសកម្មភាពចាប់ជំរិត។ ពួកឧក្រិដ្ឋជន យ៉ាងហោច៣នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការនោះ៕