តម្លៃជីក្នុងប្រទេសថៃកំពុងកើនឡើងខ្លាំង ដែលនឹងក្លាយជាបញ្ហាធំមួយសម្រាប់កសិករដាំដុះស្រូវថៃ


 (បាងកក)៖  យោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ បានអោយដឹងថា​ការឡើងថ្លៃ តម្លៃជីខ្លាំងកំពុងកើតមានសម្រាប់ដំណាំស្រូវក្នុងប្រទេសថៃ ដោយកសិករនៅក្នុងប្រទេសនាំចេញ អង្ករដ៏ធំមួយនេះអាចប្រឈមនឹងបញ្ហានៅរដូវដាំដុះខាងមុខ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Pramote Charoensilp ប្រធាន សមាគមកសិកម្មថៃថាតម្លៃជីក្នុងប្រទេសថៃកំពុងឆ្ពោះទៅរកការកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០២០ ដោយតម្លៃនៅពេលនេះថ្លៃ ១៦.០០០បាត (ប្រហែល ៤៨០ដុល្លារ) ក្នុងមួយតោន ធៀបនឹងតម្លៃ ជាមធ្យម ១០.០០០បាត (ប្រហែល ៣០០ដុល្លារ) ក្នុងមួយតោនកាលពីឆ្នាំមុន។

លោក Pramote បានថ្លែងក្នុងបទសម្ភាសមួយថា៖ «វានឹងជាបញ្ហាមួយសម្រាប់កសិករ នៅខែខាង មុខ។ កសិករជាច្រើនបានប្រមូលផលរួចហើយកាលពីរដូវដាំដុះមុន ហើយកំពុងត្រៀមខ្លួនដាំដុះជាថ្មី ដូច្នេះពួកគេនឹងត្រូវការជី។ តម្លៃជីក្នុងមួយតោននៅពេលនេះ ថ្លៃជាងតម្លៃស្រូវក្នុងមួយតោនទៅ ទៀត»

ស្រូវគឺជាដំណាំអាហារសំខាន់សម្រាប់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ហើយការកើនឡើងតម្លៃជី ដោយសារបញ្ហាថាមពលក្នុងពិភពលោកនឹងធ្វើឱ្យប៉ះពាល់ដល់កសិករជាច្រើននៅក្នុងតំបន់នេះ។ ក្នុងប្រទេសមួយចំនួនបញ្ហានេះឈានទៅរកការបង្ខំឱ្យរដ្ឋាភិបាលចាត់វិធានការបង្កើនការឧបត្ថម្ភធនដល់កសិករទៀតផង ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀង។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រទេសថៃទិញស្ទើរតែទាំងអស់នៃជីអ៊ុយរ៉េ ផូស្វាត និងប៉ូតាស្យួមពី បរទេស រួមទាំងប្រទេសចិនផងដែរ។ កត្តានេះបានធ្វើឱ្យប្រទេសនាំចេញអង្ករធំទីបីក្នុងពិភពលោកមួយនេះកាន់តែងាយរងគ្រោះទៅនឹងការប្រែប្រួលគោលនយោបាយនាំចេញរបស់ចិន ហើយបញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរថែមទៀតដោយ សារការកើនឡើងចំណាយលើឡូជីស្ទិក។

លោក Pramote ថ្លែងទៀតថា បើទោះជាទឹកជំនន់មិនបានប៉ះពាល់ធ្ងន់ធ្ងរលើវាលស្រែរបស់ ថៃ ហើយក្រុមហ៊ុននាំចេញនៅតែមានទិសដៅនាំចេញ ៦លានតោននៅឆ្នាំនេះក៏ដោយ ក៏ការកើនឡើង តម្លៃជីនឹងក្លាយជា «បញ្ហាធំមួយ» សម្រាប់កសិករថៃ ដែលពួកគេជួបប្រទះបញ្ហារួចទៅហើយដោយ សារតម្លៃស្រូវទាប។ លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរតែធ្វើអន្តរាគមន៍»

អង្ករសបាក់ ៥ភាគរយដែលជាតម្លៃគោល បានធ្លាក់ថ្លៃប្រហែល ៣០ ភាគរយធៀបនឹងតម្លៃខ្ពស់ កាលពីខែកុម្ភៈ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕