(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី៨ នៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមក ចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៩,៩៤០នាក់ សរុបចំនួន៨ថ្ងៃ មានចំនួន៨៩,៧៦០នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី៨ នៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១) ដែល ទទួល បាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន ១,៤៣៤ នៅទូទាំងប្រទេសមានដូចខាងក្រោម៖
*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី
មានចំនួន ៩,៩៤០នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦,៦៦៩នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣,២៥៥នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣,៤៨១នាក់។
គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល៨ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ ទទួលបានដូចខាងក្រោម៖
*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប
មានចំនួន ៨៩,៧៦០នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៥៣,២៨៧នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ២៣,១១៩នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ២៧,២៣៣នាក់។
បន្ថែមពីនេះ គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់៖
*ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ
ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុច ខុសឆ្គង
*ដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា
ឆ្នាំ២០០៤) និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក
អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 (https://www.nec.gov.kh/khmer/taxonomy/term/364) ដើម្បីពិនិត្យមើលតារាង លទ្ធផល បណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ៕