(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ប្រាប់អោយដឹងថា របាយការណ៍របស់សភាអង់គ្លេសបានគូសបញ្ជាក់ថា ការពន្យារពេលដាក់ចេញនូវ វិធានការបិទខ្ទប់ប្រទេស ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 នៅពេលដែលជំងឺនេះបានផ្ទុះឡើងដំបូងៗ កាលពី ឆ្នាំមុននោះ គឺជាភាពបរាជ័យ ផ្នែកសុខភាពសាធារណៈ ដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត អង់គ្លេស។
នៅក្នុងការវាយតម្លៃដ៏គួរឱ្យភ័យខ្លាច ក្រុមសមាជិកសភាចក្រភពអង់គ្លេស បានរកឃើញថា ការរៀប ចំផែនការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 របស់រដ្ឋាភិបាល គឺបានផ្ដោតខ្លាំងពេក ទៅលើតែជំងឺគ្រុនផ្តាសាយធម្មតា ហើយបានបរាជ័យក្នុងការសិក្សាមេរៀន ពីការផ្ទុះឡើងនៃជំងឺ សា (SARS), មើស (MERS) និង អ៊ីបូឡា (Ebola)។
ចក្រភពអង់គ្លេស ត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ដោយមានមនុស្សជិត ១៣៨,០០០នាក់បានស្លាប់ដោយសារជំងឺនេះ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមកនេះ ដែលបានធ្វើឱ្យមានសំនួរជាច្រើនចោទសួរថា ហេតុអ្វីបានជាប្រទេសនេះមានស្ថានភាពអាក្រក់ ជាងបណ្តាប្រទេសដទៃទៀត? ជុំវិញសំនួរនេះ ក្រុមសមាជិកសភាអង់គ្លេសបានបកស្រាយថា រដ្ឋាភិបាលទីក្រុងឡុងដ៍បានពន្យារពេលយូរពេក ក្នុងការជំរុញឱ្យមានការដាក់ចេញនូវ «វិធានការ បិទខ្ទប់ប្រទេស» កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។
របាយការណ៍របស់សភាបានគូសបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់មួយចំនួន មិនមានយុទ្ធសាស្រ្ត ប្រាកដប្រជា ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 នោះទេ ដូចជាវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម, ការដាក់ឱ្យនៅដាច់ដោយឡែក និងការបិទខ្ទប់ជាដើម។ របាយការណ៍របស់សភាបានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តរបស់ពួកគេត្រូវបានបង្ហាញថា «ខុស» និង ធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត៕