រដ្ឋមន្ត្រី ព្រុំ សុខា និយាយថា សកម្មភាពការងារជាអំពើល្អចំពោះប្រជាជជន គឺជាប្រៀបនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោតនាពេលខាងមុខ


 (ព្រែកប្រសព្វ-ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ការងារខេត្តក្រចេះ បានថ្លែងរំលឹកមន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្ត្រីមូលដ្ឋាន ជាមួយមតិ ផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារសំខាន់ ជាអាទិ៍ មន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារសំរេចការងារបំរើប្រជាពលរដ្ឋក្នុងការប្រយុទ្ធទប់ ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ និងការដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយជម្ងឺដ៏កាច សាហាវនេះ។

គុណតម្លៃគ្មានអ្វីប្រៀបផ្ទឹមរបស់គណបក្សយើងតាំងពីដើមរៀងមក គឺអំពើល្អចំពោះប្រជាជន ពិសេសក្នុងកាលៈទេសៈលំបាកសាកល្បងនៃគ្រោះមហន្តរាយ។ ច្បាស់ណាស់សកម្មភាពការងារជាអំពើល្អចំពោះប្រជាជន គឺជាប្រៀបនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោតនាពេលខាងមុខ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

ការថ្លែងមតិខាងលើរបស់ ឯកឧត្តម រដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើឡើង នៅ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីមូលដ្ឋានភូមិ ឃុំ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នាបរិវេណ វត្តចន្ទមូលី-តាម៉ៅ ស្ថិតក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពី សំណាក់អស់ លោក លោកស្រី ជាអ្នកតំណាងរាស្ត្រ ជាអភិបាលខេត្ត ជាមន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សរុបមានអ្នកចូលរួមចំនួនប្រមាណ ១៥០នាក់។

ឯកឧត្តម រដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់ គ្នា បាននិងកំពុងពុះពាររស់នៅ និងបំពេញការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដែល ជា ចំណែកដ៏សំខាន់ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ និងដោះ ស្រាយវិបត្តិបង្កឡើងដោយជម្ងឺដ៏កាចសាហាវនេះ។

ទោះជាប្រឈមជាមួយការលំបាកស្មុគស្មាញយ៉ាងណាក៏ដោយ យើងជឿជាក់រឹងមាំលើមគ្គុទ្ទេស ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំកំលាំងសាមគ្គីប្រជា ជាតិប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព ឆ្ពោះទៅកាន់ អនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនយើងជាក់ជាមិនខាន។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំខាងលើ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី និងលោកស្រី អស់លោក ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងមន្ត្រីមូលដ្ឋាន ក៏បានចូលរួមជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទក្នុងកម្មវិធីកាន់បិណ្ឌវេន ទី១០ នៅវត្តចន្ទមូលី-តាម៉ៅ ដោយបាននាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យកសាងទៅប្រគេនព្រះ សង្ឃ និងគ ណៈកម្មការវត្ត ព្រមទាំងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រមួយចំនួនថែម ទៀតផង៕