2021-10-04 11:29am
(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានសហការជាមួយមជ្ឈមណ្ឌលហ្វឹកហ្វឺនឡានម៉េ បណ្តុះបណ្តាលជំនាញបើកយន្តហោះ និងជំនាញពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើង ដើម្បីបង្កើនធនធានមនុស្សផ្នែកបើកយន្តហោះ វិស្វករ និងអ្នកបច្ចេកទេសយន្តហោះជាដើម។
មជ្ឈមណ្ឌលហ្វឹកហ្វឺនឡានម៉េ បានចាប់ផ្តើមបើកមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នែកបើកបរយន្តហោះ វិស្វករ អ្នកបច្ចេកទេស និងអ្នកបម្រើលើយន្តហោះនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០២០កន្លងទៅនេះ។ នៅឆ្នាំ២០២១នេះ មជ្ឈមណ្ឌលហ្វឹកហ្វឺនឡានម៉េ បានបើកកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងអាកាស ដើម្បីពង្រីកការបណ្តុះបណ្តាលនេះឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកឧត្តមសេនីយ៍ឯក គង់ មុន្នី មេបញ្ជាការរងកងទ័ពជើងអាកាស បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលឡានម៉េ និងកងទ័ពជើងអាកាសនេះ នឹងមានកម្មវិធីជាក់លាស់ក្នុងការរៀបចំផែនការ យុទ្ធសាស្ត្រ សម្រាប់ហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យហោះហើរ ក៏ដូចជាវិស័យសំខាន់ៗក្នុងសេវាកម្មអាកាសចរណ៍ មានដូចជាវិស្វករ និងអ្នកបច្ចេកទេសយន្តហោះនៅក្នុងប្រទេស ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងវិស័យអាកាសចរណ៍ឱ្យមានបរិមាណ និងគុណភាពប្រហាក់ប្រហែលទៅនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់ ក៏ដូចជាលើពិភពលោក ដែលកំពុងអភិវឌ្ឍន៍ជឿនលឿននៅក្នុងសកលលោក។
លោកឧត្តមសេនីយ៍ឯក គង់ មុន្នី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំយល់ថា ការបង្កើតបាននូវកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ ជាមួយក្រុមហ៊ុនឡានម៉េ របស់កងទ័ពជើងអាកាសយើងខ្ញុំ ពិតជាវិធីសាស្ត្រសមស្រប និងវៃឆ្លាតក្នុងការគាំទ្រនូវទិសដៅពង្រីកការបណ្តុះបណ្តាលក្នុងស្រុកនូវធនធានមនុស្ស ស្របតាមតម្រូវការទីផ្សារអាកាសចរស៊ីវិល សម្រាប់បច្ចុប្បន្ន និងអនាគត»។
លោក ខាន់ វណ្ណា អគ្គនាយកនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលលើកឡើងដែរថា គោលដៅនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហ្វឹកហ្វឺនឡានម៉ី និងកងទ័ពជើងអាកាស មិនត្រឹមតែបណ្តុះបណ្តាលអ្នកបើកយន្តហោះពាណិជ្ជកម្មប៉ុណ្ណោះទេ តែក៏នឹងបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិស្វករយន្តហោះ ដែលកម្ពុជាមានតម្រូវការច្រើន។
លោក ខាន់ វណ្ណា បានលើកឡើងយ៉ាងដូច្នេះ «តាមពិតទៅទាក់ទងនឹងសេវាកម្មជួសជុល និងថែទាំយន្តហោះយន្តហោះវិស្វករបរទេសជាច្រើនបានធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់យើង ដោយសារយើងនៅមានការខ្វះខាតធនធានមនុស្ស។ ដូច្នេះកិច្ចសហប្រតិបត្តិការនេះ គឺជាមូលដ្ឋានអាទិភាពដ៏មុតស្រួចបំផុត ដើម្បីពន្លឿនការកសាងធនធានមនុស្សលើគ្រប់វិស័យឱ្យស្របតាមតម្រូវការទីផ្សារអាកាសចរណ៍ស៊ីវិលសម្រាប់ពេលបច្ចុប្បន្ននិងអនាគត»។
លោក ចាន់ ជីសេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡានម៉េ បានគូសបញ្ជាក់ថា អាកាសយានិក វិស្វករយន្តហោះ និងផ្នែកម្ហូប កម្ពុជាកំពុងខ្វះខាត។ ដោយមើលឃើញបញ្ហាប្រឈមនេះហើយ ទើបសាកលវិទ្យាល័យឡានម៉េ សម្រេចចិត្តបណ្តុះបណ្តាលធនធានមនុស្សផ្នែកនេះ ដើម្បីបម្រើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។
លោក ចាន់ ជីសេង បានឱ្យដឹងទៀតថា បច្ចុប្បន្នសាកលវិទ្យាល័យឡានម៉េ មានយន្តហោះមួយគ្រឿងបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើបសម្រាប់បម្រើដល់ការបណ្តុះបណ្តាល។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡានម៉េរូបនេះ បានលើកឡើងដូច្នេះថា «ប្រសិនបើយើងមានធនធានមនុស្សគ្រប់គ្រាន់ដូចជាអាកាសយានិក អ្នកវិស្វករ យើងនឹងអាចពង្រីកវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងដោយសារតែយើង បានប្រើធនធានមនុស្សក្នុងស្រុកហើយយើង និងកាត់បន្ថយធនធានមនុស្សដែលយកពីក្រៅប្រទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា»។
បើតាមលោក ចាន់ ជីសេង បច្ចុប្បន្នមជ្ឈមណ្ឌលហ្វឹកហ្វឺនឡានម៉េ មាននិស្សិត៩នាក់ កំពុងសិក្សាផ្នែកអាកាសចរណ៍ស៊ីវីល។ និស្សិត៩នាក់នោះ គឺជាសិក្ខាកាមយានិក ជាជនជាតិខ្មែរសុទ្ធ និងជាជនជាតិខ្មែរឥស្លាម ដែលជាស្ត្រីផងដែរ។ មជ្ឈមណ្ឌលហ្វឹកហ្វឺន កំពុងទទួលនិស្សិត ដែលចង់រៀនផ្នែកអាកាសចរណ៍ស៊ីវិល ឬមានបំណងចង់ក្លាយខ្លួនជាអ្នកបច្ចេកទេស អាកាសយានិក និងបាហុនិការផងដែរ៕