(ភ្នំពេញ)៖ របាយការណរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននៅថ្ងៃទី៤ ខែតុលានេះ បានបញ្ជាក់ថា នៅរយៈពេល៩ខែនៃឆ្នាំ២០២១ កម្ពុជាបានធ្វើការនាំចេញបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩លានដុល្លារអាមេរិក។
ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ (៣ខែចុងក្រោយ) ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់ មានចំនួនជាង៨១លានដុល្លារអាមេរិក ដែលមានកំណើន៤២.៩៥% បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១១១៥ តោនតែប៉ុណ្ណោះ។
ក្នុងរយៈពេល៩ខែកន្លងមកនេះ សម្រាប់ទីផ្សារដែល បាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០% និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំង អង់គ្លេស មានចំនួន ២៦.៩១% ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩% និង បណ្តាលគោលដៅផ្សេងៗ ចំនួន២២មានចំនួន ១៣.៥០%។
ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១% អង្ករសបាយទុន ២៧.១៨% អង្ករចំហុយ ១.៧១% និង អង្ករសរីរាង្គ ១.៤១%។ សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះដែរ ការនាំចេញ បានចំនួន ៦៧ ២៥១ តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤ លានដុល្លារសហរដ្ឋ អាមេរិក។
បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១នេះ គឺជាបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈ ពេល ៥ឆ្នាំ កន្លងមក។ ក្នុងចំណោមបរិមាណនាំចេញទាំអស់ ការនាំចេញចំនួន ៥៦% គឺបាននាំ ចេញទៅកាន់ទីផ្សារប្រទេសចិន។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា ចំពោះស្រូវមានការនាំចេញឆ្លងកាត់ព្រំដែនជាមួយ ប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម មានបរិមាណចំនួន ៥៦០០ ឡាន ឬ ១៤០១១៣ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៣១.៥៣ លានដុល្លារសហរដ្ឋអាមេរិក ។
ស្រូវដែលនាំចេញ ភាគច្រើនប្រភេទ អូអ៊ឹម ៥៤៥១ អ៊ឺអ៊ែរ ៨៥ និងសែនក្រអូប៕