ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃប្រមាណ ២០លានដុល្លារ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ដែលតម្លៃប្រមាណ ២០លាន ដុល្លារ ត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.អ.ឆ.ក. នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ មានការចូលរួមពីទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ឆ.ក, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក, លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាសមាជិក គ.អ.ឆ.ក និងក្រុមការងារបច្ចេកទេសនៃ គ.អ.ឆ.ក។

នេះជាស្ថានីយទី៣ ដែលមានសមត្ថភាពចម្រោះទឹក ២០,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ បន្ទាប់ពីបាន ដាក់ឱ្យដំណើរការស្ថានីយចំនួន២ រួចមកហើយ ក្នុងនោះស្ថានីយទី១ មានសមត្ថភាពចម្រោះទឹក កខ្វក់ ៥,២០០ម៉ែត្រគីប ក្នុងមួយថ្ងៃ និងស្ថានីយទី២ មានសមត្ថភាពចម្រោះទឹកកខ្វក់ ៧,២០០ ម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអំណោយដ៏ថ្លៃថ្លាបំផុតជូនដល់ប្រជាពល រដ្ឋកម្ពុជា នៅទូទាំងប្រទេស ពិសេសក្នុងខេត្តព្រះសីហនុ ដើម្បីការពារថែរក្សាឆ្នេរសមុទ្រដ៏ល្អស្អាត របស់កម្ពុជា រក្សាបរិស្ថាន មិនបង្ហូរកាកសំណល់ចូលទៅសមុទ្រ ខូចឆ្នេរខ្សាច់ ងូតទឹកមិនបាន ប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់ដល់កិត្តិយសជាតិដែលមានឆ្នេរសមុទ្រល្អស្អាត មិនបាន ថែទាំ បណ្តាលឱ្យខូច ហើយបានចំណាយថវិកាច្រើននិងប្រើប្រាស់ពេល វេលាយូរលំបាកក្នុង ការស្តារឡើងវិញ។

គម្រោងនេះអនុវត្តដោយក្រុមហ៊ុន Xwater Technology ប្រើប្រាស់រយៈពេល២២ខែ គ្រោងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២៣ មានទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក ប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactors (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៉ីស្រាអែល និងមានលទ្ធភាពកម្ចាត់ពពួកបាក់តេរី និងដកយកនូវសារធាតុអាម៉ូញ៉ាក់ (NH3-N) ផូស្វរិច (TP) កាបូនឌីអុកស៊ីត (COD) និងសារធាតុ ពុលផ្សេងទៀតចេញរហូតដល់កម្រិតខ្ពស់បំផុតហើយត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងរួមចំណែកដល់ការថែរក្សាបរិស្ថាន។

គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ អមដោយ សេចក្តីរាយការណ៍អំពីដំណើរការស្ថានីយទាំង២ បង្ហាញដោយតំណាងក្រុមហ៊ុន XWater Technology រួចបន្តដំណើរទៅទស្សនាទីលានតេជោ ដែលជាទីតាំងសម្រាប់សាធារណជនលំ ហែកំសាន្ត និងគយគន់ទេសភាពសមុទ្រដ៏ស្រស់ត្រកាល។

នេះជាជំហានដំបូង ហើយនៅពេលខាងមុខនឹងមានផែនការអនុវត្តនៅទូទាំងប្រទេស ដោយរាល់គម្រោងសាងសង់ដែលបានដាក់ឱ្យដំណើរការ ពិសេសការរៀបចំគម្រោងសាងសង់ ត្រូវអនុវត្តតាមច្បាប់សំណង់ ចំពោះកាកសំណល់ត្រូវគោរពតាមស្ដង់ដារបរិស្ថាន ទើបអនុញ្ញាតឱ្យបង្ហូរចូលលូសាធារណៈ៕