លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថាន នៅក្នុងសាលានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានស្អាត ដើម្បីត្រៀមបើក សាលារៀនឡើងវិញ ទៅតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខានមិនបានចូលរៀន យូរណាស់មកហើយ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩ ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរ ខណ្ឌទាំង១៤ កាលពីល្ងាច ថ្ងៃទី១ ខែកញ្ញា នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំ បើកសាលារៀន អោយដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្ត ដោយជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀន ឲ្យសិស្សានុសិស្ស បានចូលរៀនវិញហើយ ពិសេសនៅកន្លែង ដែលមានហានិភ័យទាប ។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារ ចុះសំអាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងទីតាំងសាលា ឲ្យបានស្អាត។
បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំអន្តរាគមន៍ ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងសាលាបន្ថែមទៀត នៅពេលយើង ធ្វើពិធីបើកសាលា ឲ្យចូលរៀនឡើងវិញ ។លោក ឃួង ស្រេង បានបញ្ជាក់ថាៈ សាលារៀនមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល យកធ្វើជាទីតាំង សម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាល ជំងឺកូវីដ-១៩ ។
តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺ តាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែន សុខ ជាដើម ។
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល ប្រមាណជាង ១០ នាក់ និងនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី មានអ្នកជំងឺ ប្រមាណជាង ១០០ នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះ ឲ្យសិស្សានុសិស្ស បានចូលរៀន ជាធម្មតាឡើងវិញ។
ដោយឡែក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន
បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំអោយ ក្រសួងអប់រំ យុវជន និងកីឡា សហការ ជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើល លើការបើកសាលារៀន ឡើងវិញ នៅតាមភូមិ ឃុំ ដែលមិនមានការឆ្លង ជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំ ការបើកសាលារៀន ព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការ សុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕