រដ្ឋមន្ត្រីក្រសួងអប់រំ រំពឹងថាប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នឹងជួយដល់វិទ្យាស្ថាន ជាតិអប់រំ ដំណើរការរៀន និងបង្រៀន ឲ្យមានភាពល្អប្រសើរជាងមុន

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ សាលារៀនឌីជីថល «Wiki School» របស់ក្រុមហ៊ុន Poscar Digital នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

ពិធីនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត (Zoom Virtual Meeting) ដោយមានការចូលរួមពីលោក បណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ, លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital, រដ្ឋលេខាធិការក្រសួងអប់រំ, ភ្ញៀវកិត្តិយស, បុគ្គលិកអប់រំ និងមន្ត្រីនៃវិទ្យាសា្ថនជាតិអប់រំ ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Poscar Digital ជាច្រើនរូបទៀត។

ក្រុមហ៊ុនផុស្ការ ឌីជីធល ឯ.ក (Poscar Digital) ដែលជាក្រុមហ៊ុនរៀបចំប្រព័ន្ធគ្រប់គ្រងសាលា រៀនឌីជីថល Wiki School បានយល់ព្រមឧបត្ថម្ភការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាលា រៀនឌីជីថល Wiki School Standard Edition (Annex 1) Licence រយៈពេល ០៧ឆ្នាំ និងម៉ាស៉ីន វត្តមានឌីជីថល ចំនួន ០៤ គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំ ដោយមិនគិតថ្លៃ ក្នុងគោលបំណងលើក កម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិកក្នុងវិទ្យាស្ថានជាតិអប់រំ ជាពិសេសគឺ ការរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរចំពោះ និងកោតសរសើរ យ៉ាងខ្លាំង ចំពោះកិច្ចសហការរបស់ភាគីទាំងពីរ រហូតសម្រេចដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នៅវិទ្យាស្ថានជាតិអប់រំនេះ។

ឯកឧត្តម រំពឹងថា Wiki School ដែលជាប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល មានមុខងារ បច្ចេកវិទ្យាទំនើបៗ ពាក់ព័ន្ធនឹងវិស័យអប់រំ នឹងជួយសម្រួលដល់ដំណើរការរៀន និងបង្រៀននៅ វិទ្យាសា្ថនជាតិអប់រំ កាន់តែមានភាពល្អប្រសើរជាងមុន។

លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បានឲ្យដឹងថា Wiki School ត្រូវបាន អភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យ អប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលា រៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។

លោកបន្ថែមថា ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្ត មានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និងសាលាឯកជនទៀតជាច្រើន ផងដែរ។ POSCAR សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សា ពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ ឧត្តមសិក្សាថែមទៀត៕