(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសរំលេចថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១» ដែលរៀបចំដោយប្រទេសកម្ពុជា គឺជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យអ្នកធ្វើធុរកិច្ចនៅអាស៊ី និងអឺរ៉ុប ទាក់ទងគ្នា បើកផ្លូវលើការរកស៊ីរបស់ពួកគេ។ វេទិកានេះ ក៏ជាឱកាសឱ្យអ្នកនយោបាយក្នុងទ្វីបទាំងពីរ ចូលរួមដោះស្រាយភាពប្រឈមរបស់អ្នកធ្វើធុរកិច្ចផង ដែរ។
ក្នុងកិច្ចប្រជុំពិនិត្យលើការងារនានាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា «វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១» ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១» គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាអមទាំង០៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។ វេទិកានេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈប្រព័ន្ធវីឌេអូ។
សម្រាប់ឯកឧត្តម ប៉ាន សូរស័ក្តិ វាទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកធ្វើធុរកិច្ច ក៏ដូចជា ម្ចាស់អាជីវកម្មនានា ស្វែងរកឱកាសលើជំនួញ និងការវិនិយោគ។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី៣០ ខែសីហា ជាមួយក្រុមការងាររៀបចំវេទិកា ឯកឧត្តម ប៉ាន សូរស័ក្តិ បាន បញ្ជាក់យ៉ាងដូច្នេះ «វេទិកានេះជាឱកាសសម្រាប់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងអឺរ៉ុបធ្វើការ ទំនាក់ទំនងគ្នារវាងប្រទេសក្នុងទ្វីបទាំងពីរ ក៏ដូចជាចែករំលែក និងពិភាក្សាកិច្ចការ ដែលទាក់ទង លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
វេទិកានេះ ក៏សម្រាប់មេដឹកនាំនយោបាយមកពីទ្វីបទាំងពីរ ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍនៃបណ្តាប្រទេសទាំងអស់ក្នុងទី្វបទំាងពីរ អាស៊ី-អឺរ៉ុប»។
នៅក្នុងកិច្ចប្រជុំម្សិលមិញនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្តល់ឱកាសជូនប្រធានក្រុមការងារនីមួយៗ រាយ ការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនដែលមានដូចជា៖ ក្រុមលេខាធិការដ្ឋាន បានរៀបចំគេហទំព័រ របស់វេទិកា, បានរៀបចំឯកសារពាក់ព័ន្ធ និងជួបជាមួយដៃគូ សហការ, បានរៀបចំអញ្ជើញវាគ្មិន និងភ្ញៀវចូលរួម។
ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន បានរៀបចំឯកសារមួយចំនួនសម្រាប់ដាក់ចូលក្នុងគេហ ទំព័ររបស់វេទិកា, បានរៀបចំ Concept Note និងកម្មវិធីវេទិកា, និងបានចូលរួមប្រជុំជាមួយក្រុម ការងារក្រសួងព័ត៌មានក្នុងការរៀបចំវីដេអូផ្សព្វផ្សាយ។
ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ បានរៀបចំទីតាំងសម្រាប់ វេទិកា, រៀបចំគំរូប្លង់ពិធីបើក និងដំណើរការនៃវេទិកា, បានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនដែល ត្រូវរៀបចំប្រព័ន្ធបច្ចេកទេសអ៉ីនធឺណេត, រៀបចំអ្នកបកប្រែ, និងរៀបចំឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុលលាងដៃ ស្របតាមវិធានការពាររបស់ក្រសួងសុខាភិបាល។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំការងារមួយចំនួនទៀត ហើយបានកោតសរសើរដល់ក្រុមការងារ ទាំងអស់ ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ ឯកឧត្តម រដ្ឋ មន្ត្រីពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១» នឹង ដំណើរការទៅមុខបានយ៉ាងរលូន និងទទួលបានជោគជ័យ៕