(ភ្នំពេញ)៖ នៅចំពោះមុខមន្ត្រីជំនាញរបស់ខ្លួនឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសរំលេចថា ការស្វះស្វែងរកទីផ្សារ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយសម្រាប់ផលិតផលខ្មែរ គឺជាកិច្ចការអាទិភាព និងត្រូវផ្តោត ការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះ ស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅនេះ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសរំលេចថា ដើម្បីជំរុញដល់ការលក់ផលិតផល និងការដោះស្រាយបញ្ហាប្រឈមសម្រាប់ផលិតផលរបស់ខ្មែរ ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវ យន្តការ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន។
បើតាមឯកឧត្តម ប៉ាន សូរស័ក្តិ យន្តការ និងយុទ្ធសាស្ត្រដែលក្រសួងបានដាក់ចេញនោះ មានជាអាទិ៍៖
* ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពី ការប្រកួតប្រជែង ជាដើម។
* ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម។
* ការដាក់ដំណើរការគម្រោងឌីជីថល Go4Cam, CambodiaTrade.com និងការបង្កើតផ្សារ ពាណិជ្ជកម្មផ្សារភ្ជាប់ទៅនឹងសហគ្រាសមីក្រូ តូចនិងមធ្យម។
* ការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងអាចឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី មួយចំនួនទៀត។ និង
* ការអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម និងជាពិសេស ការចូលរួមកែប្រែវិបត្តិឱ្យក្លាយជាឱកាស ក្នុងការជំរុញផលិតផលជាតិក្នុងអំទ្បុងពេលបិទខ្ទប់។
ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈយន្តការដែលបានដាក់ចេញនេះ ក្រសួង ពាណិជ្ជកម្ម បានបង្កើតក្រុមការងារ ចូលរួមដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែរលូន និងមាន ប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅ ប្រទេសឱ្យបានកាន់តែទូលំទូលាយ។
ក្នុងកិច្ចប្រជុំម្សិលមិញនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រុមការងារ ដើម្បីជាទិសដៅអនុវត្តការងាររកទីផ្សារ និងដោះស្រាយបញ្ហាប្រឈមសម្រាប់ផលិតផលខ្មែរនេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អនុសាសន៍ដែលបានដាក់ចេញនោះរួមមាន៖
* ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យ ការងារកាន់តែមានភាពប្រទាក់ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក
* អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងជាពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយក្នុង បរិការណ៍នេះ គ្រប់សមាជិកនៃក្រុមការងារសុទ្ធតែមានបទពិសោធន៍ឆ្លងកាត់ និងដោះស្រាយបញ្ហា នានាក្នុងអំទ្បុងពេលនៃវិបត្តិកូវីដ-១៩នេះ ហើយបរិយាកាសទីផ្សារមានការវិវត្តយ៉ាងឆាប់រហ័ស (ជាពិសេសតម្លៃលើទីផ្សារ) បង្កទ្បើងដោយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺឆ្លង និងការប្រកួត ប្រជែងគ្នានៃមហាអំណាចសេដ្ឋកិច្ច
* គោលបំណងចម្បងនៃការបង្កើតក្រុមការងារនេះទ្បើង រួមមាន៖ (១) ការជួយដល់បងប្អូនកសិករក្នុ ងការដាក់លក់ផលិតផលទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស (២) ការជួយដល់ អ្នកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យទទួលបានទំនិញប្រកបដោយគុណភាព និងក្នុងតម្លៃកាន់តែ ប្រសើរ និង (៣) ការជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បីអាចធ្វើពាណិជ្ជកម្មបាន យ៉ាងរលូន និងមានភាពប្រកួតប្រជែង អនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
បន្ថែមពីលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានក្រើនរំលឹកដល់ក្រុមការងារថា ការងាររកទីផ្សារ និងដោះ ស្រាយបញ្ហាប្រឈមសម្រាប់ផលិតផលខ្មែរនេះ គឺជាកិច្ចការដ៏សំខាន់ដែលមន្ត្រីពាក់ ព័ន្ធត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត៕