ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាព្រឹកទី៣១ខែ សីហានេះតាមរយៈសារជាសម្លេងទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការពិភាក្សាជាមួយអស់លោក ជាអភិបាលរាជាធានីខេត្តដើម្បីបើកសាលារៀនឡើងវិញ ។
សម្តេចបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងអប់រំថាត្រូវមាន ការគិតគូរតាមរបៀបបត់បែននិងជាក់ស្តែងដោយភាពឈ្លាសវៃនិងទន់ភ្លន់និងគ្រប់គ្រងបានសភាពការណ៍ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ខ្ញុំសុំស្នើឱ្យមានការគិតគូរតាមរបៀបបត់បែនហើយអនុវត្តតាមការជាក់ស្ដែងនៅតាមខេត្តនិមួយៗ កន្លែងណាមាន លទ្ធភាពបើកបានគឺបើក,កន្លែងណាដែលពុំមានលទ្ធភាពបើកគឺយើងឲ្យរៀនតាមអនឡាញរៀនពីចម្ងាយ,កន្លែងឆ្លងតិចឱ្យមានការរៀនតាមបែបចម្រុះតាមរយៈការរៀន ដោយផ្ទាល់និងការរៀនតាមអនឡាញ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការព្រួយបារម្ភថា៖បើមិនដូច្នោះទេយើងនឹងស្ថិតនៅក្នុងស្ថានភាពមួយបាត់បង់ឱកាសសម្រាប់កុមារនិងយុវវ័យ ។
សម្តេចបន្តថា ភាពសាំបាននិងកំពុងកើតនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាល,រាជធានីភ្នំពេញការឆ្លងមានចំនួនធ្លាក់ចុះហើយអ្នកដែលបានឆ្លងក៏មិនមានស្ថានភាពជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះដូច្នេះចំណុចនេះគឺជាចំណុចវិជ្ជមានមួយសម្រាប់បើកឡើងវិញនូវសង្គមសេដ្ឋកិច្ចនៅទូទាំងប្រទេសហើយក្នុងនោះក៏មានវិស័យអប់រំរបស់ផងដែរ។
សម្តេចសូមឱ្យរដ្ឋមន្ត្រីអប់រំយុវជននិងកីឡាដឹកនាំការពិភាក្សាលើបញ្ហានេះឲ្យបានហ្មត់ចត់ដើម្បីឈានទៅបើកសាលារៀនឡើងវិញហោចបំផុតបើកសាលារៀននៅតំបន់ដែលមិនមានជំងឺឆ្លងជាពិសេសនៅតំបន់ជនបទដើម្បីជាសវាងនៅកុមារជនបទរបស់យើងក្លាយជាជនរងគ្រោះពីជំងឺកូវីដ១៩ ក្នុងពេលដែលជនបទពុំមានជំងឺកូវីដ១៩ រីក រាលដូចនៅទីក្រុងទីប្រជុំជននោះទេ។
សម្តេចបានបន្តថា៖«យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ,បត់បែនទន់ភ្លន់និងគ្រប់គ្រងសភាពការណ៍ឲ្យបានដើម្បីយើងពន្លឿនទៅដល់ការអភិវឌ្ឍប្រទេសជាតិជាពិសេស ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស។
បើមិនដូច្នោះទេកុមាររបស់យើងនឹងបោះបង់ចោលសាលារៀនហើយក៏អាចឈានទៅគ្រោះនៃការភ្លេចអក្សរក្នុងពេលដែលពួកគេមិនបានរៀនរាប់ទាំងការរៀនពីចម្ងាយផងដែរដោយសារតែស្ថានភាពជនបទពុំមានអ៊ីនធឺណិតនិងពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីនិងទទួលបាននៅការរៀនតាមអនឡាញនោះទេ។សូមអស់លោកធ្វើការពិនិត្យដោះស្រាយបញ្ហានេះហើយលើកជាសំណើដើម្បីស្នើសុំយោបល់សម្រេចជាផ្លូវការតាមក្រោយមកដល់រូបខ្ញុំ» ៕