រដ្ឋមន្ត្រីការងារបាននិយាយថា កម្ពុជាកំពុងប្រមូលព័ត៌មានអំពីផលប្រយោជន៍ និងផលប៉ះពាល់នៃ ការប្រើប្រាស់ «អាសបេស្តុស» ដែលជាសារធាតុប៉ះពាល់ដល់សុខភាព

(ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស បានលើកឡើងថា បច្ចុប្បន្ន រាជ រដ្ឋាភិបាលបានសហការជាមួយអង្គការជាដៃគូ ដើម្បីចងក្រងប្រមូលព័ត៌មានអំពីផលប្រយោជន៍ ផលប៉ះពាល់ និងគ្រោះថ្នាក់ក្នុងការប្រើប្រាស់សារធាតុ «អាសបេស្តុស» ដែលជាសារធាតុបង្កគ្រោះ ថ្នាក់ដល់សុខភាពមនុស្ស។

សារធាតុអាសបេស្តុស ជាសារធាតុរ៉ែមួយប្រភេទដែលធ្វើឱ្យផលិតផលមានគុណភាព ជាពិសេសគឺ ធ្វើឱ្យស្វិត រឹង ហើយមានតម្លៃថោកអាចទទួលយកបាន ក៏ប៉ុន្តែសារធាតុអាសបេស្តុសក៏ធ្វើឱ្យប៉ះ ពាល់ដល់សុខភាពមនុស្សដែរ ដូចជា ជំងឺមហារីកសួត ហើយជាញឹកញាប់សារធាតុនេះត្រូវបានគេ ចាត់ទុកជា «ឃាតកលាក់មុខ» ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីចូលមកបំផ្លាញសុខភាព របស់អ្នកដែលបានប៉ះពាល់ ឬក៏ទទួលរងឥទ្ធិពលពីសារធាតុអាសបេស្តុសនេះ ដែលភាគច្រើន វាយលុកចូលទៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស។

ការលើកឡើងរបស់ ឯកឧត្តម អ៊ិត សំហេង យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសសមាសភាពនៃក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា ដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការ ILO/Japan តាមរយៈគម្រោងលើកកម្ពស់ ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ និងអង្គការអាហ្វ៉ីដា (APHEDA) តាមរយៈ ប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ក្នុងវិស័យឧស្សាហកម្ម ការប្រើប្រាស់ធនធានវត្ថុធាតុដើម គឺ តែងតែមានមុខពីរ ពោលគឺអាចបង្កើតនូវផលិតផល ឬធ្វើឱ្យផលិតផលកាន់តែមានគុណភាព សម្រាប់ការប្រើប្រាស់ និងកាន់តែមានប្រសិទ្ធភាព ប៉ុន្តែម្យ៉ាងទៀត ប្រសិនបើប្រើប្រាស់វាមិនប្រុង ប្រយ័ត្នទេ វានឹងបង្កហានិភ័យមកវិញ មិនត្រឹមតែកម្មករនិយោជិតដែលជាអ្នកផលិតប៉ុណ្ណោះទេ អ្នកប្រើប្រាស់ និងអ្នកជុំវិញក៏អាចមានគ្រោះថ្នាក់ដែរ។

ឯកឧត្តម បន្តថា គេនិយមប្រើប្រាស់សារធាតុអាសបេស្តុសនៅលើស្រទាប់ក្បឿងប្រក់ផ្ទះ ហ្វ៊ីប្រូស៊ី ម៉ង់ដ៍ជាដើម ប្រសិនបើធ្វើក្បឿងធម្មតាដោយមិនប្រើសារធាតុអាសបេស្តុសទេ នោះក្បឿង និងហ្វ៊ី ប្រូទាំងនោះនឹងឆាប់បាក់ផុយនៅពេលរងកម្លាំងសង្កត់ខ្លាំង។ ដូច្នេះអ្នកផលិតចូលចិត្តប្រើវាជាង ដើម្បីធ្វើយ៉ាងណាធានាបាននូវគុណភាព និងការប្រកួតប្រជែងនៅក្នុងទីផ្សារ។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ដែរថា «កន្លងមក កម្ពុជាមានកន្លែងធ្វើហ្វ៊ីប្រូដែរ តែបើតាមរបាយ ការណ៍ក្នុងកម្រងព័ត៌មានជាតិលើកទី១ បានឱ្យដឹងថា ការផលិតនេះមិនមានប្រើអាសបេស្តុសទេ ហើយហ្វ៉ីប្រូដែលមានសារធាតុគ្រោះថ្នាក់នេះ ភាគច្រើនជាហ្វ៉ីប្រូដែលនាំចូលពីក្រៅប្រទេស ហេតុនេះហើយទើបក្រុមការងារត្រូវតែប្រមូលព័ត៌មានបន្ថែម»។

ឯកឧត្តម ថា ប្រការនេះ ក៏ដោយសា រាជរដ្ឋាភិបាលកម្ពុជាមានការគិតគូពីបញ្ហាសុខភាព បញ្ហាការបង្ការគ្រោះថ្នាក់ការងារសព្វបែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មរបស់ជាតិ ក្លាយជាសក្តានុពលរបស់ជាតិសម្រាប់អនាគត ហើយ បញ្ហាធនធានមនុស្សជាអាទិភាពទី១៕