សហរដ្ឋអាមេរិកសងសឹកវិញ ដោយបើកការវាយលុកតាមផ្លូវអាកាស លើសមាជិក ISIS នៅអាហ្វហ្កានីស្ថាន!

(វ៉ាស៊ីនតោន)៖ ពីរថ្ងៃក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលបានបណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួសនោះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ សងសឹកវិញតាមផ្លូវអាកាស ទៅលើសមាជិកក្រុម ISIS នៅអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន អេភី (AP) នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

ទីបញ្ជាការកណ្តាលនៃយោធាអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឲ្យជនជាតិអាហ្វហ្គានីស្ថាន ១៦៩នាក់ និងទាហានអាមេរិក ១៣នាក់បាត់បង់ជីវិត។

អ្នកនាំពាក្យយោធាអាមេរិកលោក វីលៀម អឺប៊ែន (William Urben) បានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនខាងលើនេះ ហើយគ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើមនុស្សម្នាក់ដែលត្រូវបានសម្លាប់ក្នុងខេត្ត Nangahar នោះ ពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ដែរ ឬមួយក៏យ៉ាងណានោះឡើយ៕