នៅម៉ោង៦ល្ងាចថ្ងៃនេះ ក្រសួងធម្មការ ណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារគ្រប់សាសនា បន្លឺសំឡេងស្គរ ជួងកងរំពង ដើម្បីដាស់ស្មារតីពលរដ្ឋឲ្យប្រុងប្រយ័ត្នពីជំងឺកូវីដ

(ភ្នំពេញ)៖ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រី ក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺ សំឡេងស្គរ ជួងកងរំពង ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យបន្ដប្រុងប្រយ័ត្នពីជំងឺកូវីដ១៩។

នៅក្នុងសេចក្ដីណែនាំដែល ទទួលបានឲ្យដឹងថា ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឲ្យគ្រប់ វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើតាមក្រសួងធម្មការ, នៅក្នុងកម្មវិធីថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ បំផុត អានសុន្ទរកថា បើកកម្មវិធីក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នានៅគ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជននៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គមផងដែរ»៕