Facebook, Instagram បន្តហាមឃាត់នូវរាល់មាតិកាទាំងអស់ ដែលជាប់ទាក់ទងនឹងក្រុមតាលីបង់

(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC និង Fox News ចេញផ្សាយថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថាក្រុមហ៊ុន Facebook និង Instagram បានបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់នូវរាល់ មាតិកាទាំងអស់របស់ក្រុមតាលីបង់ ពីវេទិការបស់ខ្លួន ដោយចាត់ទុក ថាក្រុមមួយនេះ ជាអង្គការភេរវកម្ម។

ក្រុមហ៊ុន Facebook បាននិយាយទៀតថា ខ្លួនមានក្រុម អ្នកជំនាញជនជាតិអាហ្វហ្គានីស្ថាន ដែលកំពុងខិតខំប្រឹងប្រែងតាមដានត្រួតពិនិត្យ និងលុបចោល នូវរាល់មាតិកាដែលមានជាប់ទាក់ទងនឹងក្រុមនេះ។

អ្នកនាំពាក្យហ្វេសប៊ុកបានប្រាប់ BBC ថា «ក្រុមតាលីបង់ត្រូវបានដាក់ទណ្ឌកម្មថា ជាអង្គការភេរវកម្ម ក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយយើងបានហាមឃាត់ពួកគេមិនឲ្យប្រើប្រាស់ សេវាកម្ម របស់ពួកយើង ក្រោមគោលនយោបាយរបស់ក្រុមហ៊ុនយើង។ នេះមានន័យថា យើងនឹងលុបចោលនូវ រាល់គណនីណា ដែលការពារក្រុមតាលីបង់ ឬការសរសើរ ឬរគាំទ្រ ឬមួយតំណាងឱ្យពួកគេ»។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនយក្សមួយនេះបានគូសបញ្ជាក់ទៀតថា ខ្លួនមិនធ្វើការសម្រេចចិត្តណាមួយ ជុំវិញការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើតាមសិទ្ធិអំណាចរបស់ សហគមន៍អន្តរជាតិ៕