(ភ្នំពេញ)៖ ស្ពានចំនួន៧កន្លែង និងការងារបុកស៊ីផាយ នៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងបន្តធ្វើយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ ខែសីហា នេះ ការដ្ឋានមួយនេះស្ទើរតែរួចរាល់ទៅហើយ ពោលគឺនៅបំណាច់ខែសីហានេះ នឹងត្រូវបានបញ្ចប់ ជាមួយនិងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, មន្ទីរ សាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ធ្វើស្ពាន ចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ ខែសីហានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណជិត១០០ភាគរយហើយ។
លោកថា មានន័យថា ការងារស្តារ និងបុកស៊ីផាយជញ្ជាំងប្រឡាយ ដល់ពេលពេលនេះ បានរួចរាល់អស់ហើយ គឺនៅសល់តែស្ពានមួយប៉ុណ្ណោះ ក្នុងចំណោម៧ស្ពានដែលយើងបាននឹងកំពុងសាងសង់ ហើយការដ្ឋានទាំងមូលគ្រោង នឹងបញ្ចប់នៅបំណាច់ខែសីហានេះ ជាមួយនិងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
លោកប្រធានមន្ទីរបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹករំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ នៅពេលគំរោងការ នេះបញ្ចប់ វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងបានមួយកំរិតធំ។
លោក សាំ ពិសិដ្ឋ បានបន្តថា ក្នុងពេលសាងសង់ស្ពាន ៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួន កាលពីជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋ ដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយ ដើម្បីទប់ដីកុំឲ្យបាក់ ប្រវែងជាង២០០ម៉ែត្រផងដែរ។
គម្រោងស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មាន ចំនួន៧កន្លែងផងដែរ៕