ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ី ជីនភីង កាលពីថ្ងៃព្រហស្បតិ៍បានមានប្រសាសន៍ថា ចិននឹងខិតខំផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២ពាន់លានដូសទៅកាន់ប្រទេសផ្សេងៗនៅក្នុងឆ្នាំ២០២១ នេះបើតាមការផ្សាយរបស់ទូរទស្សន៍CCTV។
នៅក្នុងសារមួយទៅកាន់វេទិកាអន្តរជាតិអំពីកិច្ចសហការវ៉ាក់សាំងកូវីដ១៩ លោកស៊ីក៏មានប្រសាសន៍ថា ចិននឹងជួយប្រាក់១០០លានដុល្លារទៅអោយគំរោងចែកចាយវ៉ាក់សាំងសកល Covaxដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។
ចំណែកសារព័ត៌មានចិនCGTNបាននិយាយថា ចិនតែងតែគាំទ្រទស្សនៈនៃការស្ថាបនាសហគមន៍សុខភាពមនុស្សជាតិរួមមួយ ហើយថាចិនក៏បានធ្វើការផលិតវ៉ាក់សាំងរួមគ្នាផងដែរ។
បើតាមCGTNលោកស៊ីបានមានប្រសាសន៍ថា «យើងត្រៀមខ្លួនធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីជំរុញកិច្ចសហការអន្តរជាតិលើវ៉ាក់សាំងនិងស្ថាបនាសហគមន៍មួយជាមួយនឹងអនាគតរួមមួយសំរាប់មនុស្សលោក»។
អ្នកចូលរួមប្រមាណ៣០រូប រួមមានរដ្ឋមន្ត្រីមកពីប្រទេសផ្សេងៗ តំណាងអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗ ព្រមទាំងតំណាងធុរកិច្ចបានចូលរួមក្នុងកិច្ចប្រជុំផ្ទាល់ជាក់ស្តែងដែលទទួលរៀបចំដោយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី។
បើតាមលោករដ្ឋមន្ត្រីវ៉ាងយីបានបញ្ជាក់ក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ចិនបានផ្គត់ផ្គង់វ៉ាក់សាំងជាង៧៧០លានដូសទៅកាន់ប្រទេសផ្សេងៗ។
ក្នុងកិច្ចប្រជុំនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនវ៉ាក់សាំងចិនSinovac Biotechបានចុះកិច្ចព្រមព្រៀងសហការជាមួយប្រទេសចំនួន២០ពាក់ព័ន្ធនឹងវ៉ាក់សាំងជិត៩០០លានដូស។ក្រៅពីប្រទេសចិន ដៃគូរបស់Sinovacនៅឥណ្ឌូនេស៊ី ប្រេស៊ីល តួកគី ម៉ាឡេស៊ីនិងអេហ្ស៊ីប ក៏នឹងចូលរួមផលិតវ៉ាក់សាំងនេះដែរ៕