សម្តេចតេជោ ហ៊ុន សែន ទាត់ចោលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គលម្នាក់ឈ្មោះ ស៊ុន ចន្ធី ដោយសារប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទាត់ចោលការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលមួយរូបឈ្មោះ ស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គល រូបនេះ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។

សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ឲ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះ ដោយសារបុគ្គលរូបនេះ កន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល ៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាលេខ៣៤០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល ដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook និងបានធ្វើ ការចែករំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ ព្រមទាំងបានធ្វើសកម្មភាពក្នុងការទំ នាក់ទំនង ពង្រឹងស្មារតីសតិអារម្មណ៍ក្រុមសកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តកំពង់ធំ ហើយបច្ចុប្បន្នបុគ្គលនេះនៅតែមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។

សូមជំរាបថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម និងទី២៤៖ លោក ផាន់ ច័ន្ទសាក់៕