កំពង់ឆ្នាំង: នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លីឡា នៅព្រឹកថ្ងៃទី ៥ ខែសីហា នេះ បានបញ្ជាក់ឲ្យដឹងថាៈ បន្ទាប់ពីមានរបាយការណ៍ ពីអ្នកសារព័ត៌មាន រយៈពេល ២ ទៅ ៣ ថ្ងៃនេះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ រកឃើញ ដីព្រៃលិចទឹកតំបន់បី , ៥ កន្លែង ចំនួនជាង ១០ ហិកតា នៅក្នុងភូមិ សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជន ល្មើសបានលួច ឈូសឆាយ រុករានទន្ទ្រាន យកជាកម្មសិទ្ធិ ។
ករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនល្មើស ដើម្បីកសាង សំណុំរឿង តាមនីតិវិធីច្បាប់ បញ្ជូនទៅតុលាការ ។
ចំណែកដីព្រៃលិចទឹក ដែលបានឈូសឆាយពីឆ្នាំចាស់ ក្នុងភូមិសាស្ត្រភូមិសេះស្លាប់ និងភូមិកំពង់អួរ ចំនួន ៣១ ហិកតា គឺសមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ជនល្មើស ចំនួន ២ នាក់ ហើយ និងក៏បានកសាងសំណុំរឿង បញ្ជូនទៅសាលា តំបូងខេត្ត ចាត់ការរួចហើយដែរ ។
ទាក់ទងនឹងករណីបទល្មើស ខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថាៈ រឿងខាងលើនេះ លោកអភិបាលខេត្ត បានប្រគល់ការងារនេះ ឲ្យលោក អម សុភា អភិបាលរងខេត្ត ចុះស្រាវជ្រាវ នៅក្នុងមូលដ្ឋានជាក់ស្ដែង ជាមួយមន្ទីរកសិកម្ម និងមន្ត្រីជំនាញដើម្បីរួមគ្នា ស្រាវជ្រាវ កំណត់មុខ សញ្ញាជនល្មើស ឲ្យបានច្បាស់លាស់ ចាត់ការតាមផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាព ។
ប៉ុន្តែករណីនេះ លោក អម សុភា ជាប់រវល់ការងារច្រើន ដោយបានសុំពេលវេលា ចុះស្រាវជ្រាវ នៅសប្តាហ៍ក្រោយនេះ ។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថាៈ តាមរបាយការណ៍ស៊ើបអង្កេត របស់មន្ត្រីជំនាញ បានឲ្យដឹងថា ករណីបទល្មើស នៅភូមិសេះស្លាប់ គឺជនល្មើស ដដែល បានលួចឈូសព្រៃ នៅភូមិកំពង់អួរនោះ ក៏បានមកលួចឈូសព្រៃលិច ទឹកតំបន់៣ ក្នុងសេះស្លាប់នេះបន្ថែមទៀត ។
ករណីខាងលើនេះ ឆន្ទៈរបស់លោក និងសមត្ថកិច្ចជំនាញ នឹងមិនលើកលែង ឬអត់ឱនឱ្យជនល្មើសដដែលៗ ខាងលើនេះ រួចខ្លួនបាននោះឡើយ ៕