ទីក្រុងស៊ីដនីរងគ្រោះធ្ងន់បំផុតពីជំងឺរាតត្បាត ខណៈការបិទខ្ទប់ដើម្បីទប់ស្កាត់កូវីដ១៩មានរយៈពេលជិត៦សប្តាហ៍ហើយ

ទីក្រុងស៊ីដនីបានរាយការណ៍នូវថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនពីជំងឺរាតត្បាតកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍ទី៥ សីហានេះ ជាមួយករណីស្លាប់ប្រាំនាក់និងការកើនឡើងយ៉ាងគំហុកនៃការឆ្លងមេរោគកូរ៉ូណាក្នុងស្រុក ខណៈការបិទខ្ទប់យ៉ាងតឹងរ៉ឹងជាច្រើនសប្តាហ៍នៅតែលំបាកទប់ទល់ជាមួយនឹងមេរោគ Delta។

អាជ្ញាធរសុខាភិបាលនៃរដ្ឋញូវសៅវែលបាននិយាយថា មនុស្សបួននាក់ក្នុងចំណោមអ្នកស្លាប់ទាំងប្រាំគឺមិនបានចាក់វ៉ាក់សាំងទេ ខណៈអ្នកស្លាប់ម្នាក់ទៀតបានចាក់វ៉ាក់សាំងមួយដូស ខណៈពួកគេអង្វរប្រជាជនឱ្យប្រញាប់ចាក់វ៉ាក់សាំង។

ប្រមុខសុខាភិបាលនៃរដ្ឋញូសៅវែលលោកឃើរី ចាន់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា “ឥឡូវគឺជាពេលត្រូវគិតគូរពីការចាក់វ៉ាក់សាំង…ហើយសម្រាប់មនុស្សចាស់ដែលមិនបានចាក់វ៉ាក់សាំង ជាថ្មីម្តងទៀតខ្ញុំសូមអង្វរអស់លោកអ្នក សូមធ្វើការណាត់ជួបដើម្បីចាក់វ៉ាក់សាំង”។

អាជ្ញាធរក៏បានប្រកាសបិទខ្ទប់រយៈពេលមួយសប្តាហ៍ទៀតចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍នេះនៅតំបន់មួយនៅភាគខាងជើងទីក្រុងស៊ីដនីផងដែរ បន្ទាប់ពីបានរាយការណ៍ករណីឆ្លងថ្មីៗជាច្រើននិងរកឃើញដានមេរោគកូរ៉ូណានៅក្នុងលូទឹកស្អុយនៅទីនោះ។

អាជ្ញាធរសុខាភិបាលបាននិយាយថាមានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ២៥៩ នាក់នៅក្នុងទីក្រុងស៊ីដនី ក្នុងចំណោមករណីទាំង ២៦២ នៅទូទាំងរដ្ឋញូវសៅវែល ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ទីក្រុងនិងរដ្ឋមួយនេះ ដែលបានរាយការណ៍ករណីឆ្លងខ្ពស់បំផុត ២៣៩ នាក់កាលពីថ្ងៃអាទិត្យ។

នៅរដ្ឋញូវសៅវែលមានករណីឆ្លងកូវីដជាង ៤.៣០០ នាក់ក្នុងអំឡុងរលកចុងក្រោយនេះ ដែលបានចាប់ផ្តើមកាលពី ៧ សប្តាហ៍មុន បន្ទាប់ពីករណីមេរោគ Delta ដំបូងត្រូវបានរកឃើញលើអ្នកបើកបររថយន្តដឹកភ្ញៀវអត់ចាក់ចាក់វ៉ាក់សាំងនិងអត់ពាក់ម៉ាស់ម្នាក់ ដែលបានដឹកក្រុមបុគ្គលិកអាកាសចរណ៍បរទេស៕