(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ជូនជនរួមជាតិឲ្យ បានជ្រាបថា សម្តេចតេជោអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខ នេះបើតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់នៅរសៀលថ្ងៃសុក្រនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗ របស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពី ចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។
សូមជំរាបថា នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស ដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បី បង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេស ការបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ នេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលា រៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។
ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើ គោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពល រដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។
បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕