អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានឲ្យដឹងនៅយប់ថ្ងៃទី២១ ខែកក្កដានេះ ថា ក្នុងរយៈពេល ៣សប្ដាហ៍ ខែកក្កដានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានសហការ ជាមួយអង្គការក្នុងស្រុក សប្បុរសន ម៉ាឡេស៊ី និងភ្នាក់ងារស្ម័គ្រចិត្ត បានបន្តចុះចែកស្បៀងអាហារ ដល់ប្រជាជន និងពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំង នៅក្នុងអំឡុងពេលនៃការរាតត្បាត ជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅតាមបណ្តាររដ្ឋមួយចំនួនជិត ១០០គ្រួសារ។
ឯកឧត្តម កុយ គួង បានបន្តថា ការបន្តចុះចែកស្បៀងអាហារដល់ប្រជាជន និងពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងនៅក្នុង អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅតាមបណ្តាររដ្ឋមួយរួមមាន:ថ្ងៃទី០១ ខែកក្កដា បានសហការជាមួយអង្គការ Elshaddai Center នាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរ កំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kuala Terrenganu រដ្ឋ Terrenganu។
ថ្ងៃទី០៦ ខែកក្កដាបានសហការជាមួយអង្គការ Makan4Migrants យកជំនួយជាស្បៀងអាហារជូនប្រជាជន ខ្មែរកំពុងជួបការលំបាកចំនួន ០៤គ្រួសារ នៅ Rawang រដ្ឋ Selangor។
ថ្ងៃទី០៧ ខែកក្កដាបាន សហការជាមួយអង្គការ Youth With A Mission Malaysia យកជំនួយជាស្បៀងអាហារជូន ប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួ សារ នៅ Ipoh រដ្ឋPerak។
ថ្ងៃទី១៤ ខែកក្កដាបាន សហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន៤៤គ្រួសារ នៅ Sungai Tiram និង Kota Tinggi រដ្ឋ Johor។
ថ្ងៃទី១៥ ខែកក្កដា បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១១គ្រួសារ នៅរដ្ឋ Penang។
ថ្ងៃទី២១ ខែកក្កដាស្ថានទូតបាននាំយកជំនួយ ជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាចំនួន១០គ្រួសារ នៅ Kampong Pandan ទីក្រុងគូឡាឡាំពួរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងបន្តជួយដោះស្រាយការលំបាកទាំងនេះ ជាបន្តទៀតរហូតដល់ស្ថានភាពកូវីដ-១៩ មានការធូរស្រាលឡើងវិញ៕