មនុស្សជំនិតម្នាក់របស់លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ថាជាទីភ្នាក់ងារស្វែងរក ប្រយោជន៍ឱ្យអេមីរ៉ាតអារ៉ាប់រួម

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថាលោក Tom Barrack មានអាយុ ៧៤ឆ្នាំ មកពីទីក្រុង Santa Monica នៃរដ្ឋកាលីហ្វ័រញ៉ាប្រធានគណៈកម្មាធិការរៀបចំពិធីស្បថចូលកាន់តំណែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ ត្រូវបាន ចាប់ខ្លួនហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)ក្រោមបទចោទប្រកាន់ថាបានគប់គិតជាសម្ងាត់ក្នុងការកែប្រែគោលនយោបាយអាមេរិកដើម្បីស្វែងរក ផលប្រយោជន៍ឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម។

គឺស្ថិតនៅក្នុងចំណោមមនុស្ស ៣នាក់ដែលត្រូវបានតុលាការសហព័ន្ធ ក្នុងសង្កាត់ Brooklyn នៃទី ក្រុងញូយ៉ក ចោទប្រកាន់ថាបានដើរតួនាទីជាទីភ្នាក់ងារបរទេសខុសច្បាប់ និងព្យាយាមកែប្រែ គោលនយោបាយអាមេរិក ដើម្បីស្វែងរក ប្រយោជន៍ឱ្យអេមីរ៉ាតអារ៉ាប់រួម អំឡុងលោក ដូណាល់ ត្រាំ នៅជាបេក្ខជនប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ និងនៅពេលលោក ត្រាំកាន់តំណែងជា ប្រធានាធិបតី។

តុលាការសហព័ន្ធអាមេរិកក្នុងសង្កាត់ Brooklyn ក៏បានចោទប្រកាន់លោក Barrack ពីបទរារាំង ការស្វែងរកយុត្តិធម៌ផងដែរតាមរយៈការនិយាយកុហក នៅក្នុងពេល ផ្ដល់ចម្លើយឱ្យអាជ្ញាធរកាលពី ខែមិថុនា ឆ្នាំ២០១៩៕