ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេ និងកំពុងល្បីឈ្មោះខ្លាំង Tesla បានប្រកាសបង្ហាញពីតួលេ ខនៃការលក់រថយន្ត នៅ ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយទទួលបានលើសពីការរំពឹងទុករបស់ ក្រុមអ្នកវិភាគ បើទោះបីជាទីផ្សាររថយន្តបានជួបវិបត្តិកង្វះបន្ទះឈីប ក្ដី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យ ដឹងថា ទីផ្សាររថយន្តសកលបានជួប វិបត្តិ កង្វះបន្ទះឈីបដែលនាំឱ្យការលក់រថយន្តជាសកលបាន ធ្លាក់ចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Tesla វិញបានលក់គ្រប់ផែនការដែលបានកំណត់ និងលើសពីការ រំពឹងទុករបស់ក្រុមអ្នកវិភាគ។
នៅក្នុងរបាយការណ៍របស់ Tesla បានបង្ហាញថានៅត្រីមាសទី២ មានរថយន្ត ២០១២៥០គ្រឿង ត្រូវបានលក់ ខណៈដែលគោលដៅរបស់ ក្រុមហ៊ុនគឺឱ្យបាននៅក្នុងចំនួន ២០០០០០គ្រឿង ជា ពិសេសគឺតួលេខនេះបានលើសពីការរំពឹងទុករបស់អ្នកវិភាគដែល បាន ប៉ាន់ប្រមាណថា Tesla នឹងលក់រថយន្តបានត្រឹមតែ ២០០២៥៨គ្រឿងប៉ុណ្ណោះ។
ក្រុមហ៊ុន Tesla ក៏បានរំលេចឱ្យដឹងផងដែរថា រថយន្តដែលលក់ដាច់ច្រើនជាងគេនៅក្នុងត្រីមាស ទី២នេះគឺ Model 3 និង Model Y មាន ប្រមាណជា ៩៩ភាគរយនៃរថយន្តដែលបានលក់សរុប៕