សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យទិញថ្នាំចិនបន្ថែមទៀត ដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយមើលឃើញថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ១៩ សូម្បីតែនៅអារ៉ាប់ និងមជ្ឈិមបូព៌ា ក៏ប្រើប្រាស់ ថ្នាំនេះដើម្បីព្យាបាលដូចគ្នាដែរ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហា ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ខ្លួនសម្ដេចផ្ទាល់ក៏ប្រើប្រាស់ថ្នាំនេះដូចគ្នា បើទោះបីសម្ដេចមិនបានឆ្លងជំងឺកូវីដ១៩ ប៉ុន្ដែសម្ដេចប្រើប្រាស់ថ្នាំនេះដើម្បីការពារជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ត្រូវស្វះស្វែងរកប្រភពថ្នាំដែលមាន ប្រសិទ្ធភាព កន្លងទៅបានរកឃើញហើយថ្នាំ ដែលសូម្បីតែនៅអារ៉ាប់ និងមជ្ឈិមបូព៌ា គេប្រើថ្នាំរបស់ ចិននេះតែម្ដង ដែលយើងប្រើរាល់ថ្ងៃ សូម្បីតែខ្ញុំក៏លេបដែរ ហើយខ្ញុំលេបថ្នាំចិនមុនចេញដំណើរទៅ ណា ត្រូវលេបថ្នាំហ្នឹង ទោះបីមិនឈឺក៏ដោយត្រូវលេបការពារវាបន្ថែម អញ្ចឹងទិញឲ្យច្រើនបន្ដិចមក ព្រោះនៅមានអ្នកជំងឺរបស់យើងរាប់ពាន់នាក់ នៅកន្លែងព្យាបាលនៅឡើយទេ»។
ទន្ទឹមនឹងអ្វីដែលប្រកាសឲ្យបញ្ជាថ្នាំចិននេះបន្ថែម សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យពិនិត្យ មើលការផ្ដល់ថ្នាំនៅតាមកន្លែងសម្រាកព្យាបាលជំងឺកូវីដ១៩ ព្រោះកន្លងទៅសម្ដេចទទួលបាន ព័ត៌មានថា ការផ្ដល់ថ្នាំឲ្យអ្នកជំងឺកូវីដ១៩ មិនទាន់មានស្ដង់ដារដូចគ្នានោះទេ ដោយកន្លែងខ្លះឲ្យ ថ្នាំច្រើនគ្រាប់ កន្លែងខ្លះឲ្យថ្នាំតិចគ្រាប់ ដូច្នេះចំណុចនេះសម្ដេចបានណែនាំឲ្យប្រើប្រាស់ស្ដង់ដាររួម លើការផ្ដល់ថ្នាំដល់អ្នកជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ការប្រើប្រាស់ថ្នាំដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ ហើយអនុគណៈកម្មការព្យាបាល ត្រូវតែពិនិត្យឡើងវិញ ព្រោះដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥១,៣៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,៨៥៨នាក់ និងស្លាប់សរុប ចំនួន ៦២៨នាក់៕