សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ការចាប់ខ្លួនសកម្មជនមាតា ធម្មជាតិ៣នាក់ គឺសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាពដែលពួកគេបាន ប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។
ការបញ្ជាក់ជូនលោកស្រីឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិនៅកម្ពុជា បានធ្វើឡើងក្នុងជំនួបនា រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីលោកស្រី បានស្នើសុំព័ត៌មាន និងការយល់ឃើញ បន្ថែមពីសម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធការចាប់ខ្លួនរបស់សកម្មជនចលនាមាតាធម្មជាតិ ទាំង៣នាក់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ត្រង់ចំណុចនេះយ៉ាងដូច្នេះថា «ចំពោះការចាប់ខ្លួនសកម្ម ជន៣រូប សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងថា សម្ដេចយល់ពី បញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាពដែល ពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្ត ច្បាប់ទៅលើសកម្មភាព ដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ»។
លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចំពោះការផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងករណីខាងលើនេះ និងបានជម្រាបជូនសម្ដេចថា មុននឹង បញ្ចប់អាណត្តិការទូតនៅកម្ពុជា លោកស្រីសូមអះអាងថា ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងបន្ត អាណត្តិក្រោយនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ។
សូមជម្រាបថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក៏បានចេញប្រកាស ព័ត៌មានមួយ ដោយបញ្ជាក់អំពីចម្លើយសារភាពរបស់ សកម្មជនចលនាមាតាធម្មជាតិ ទាំង៣នាក់។
ក្នុងសេចក្តីប្រកាសដែលទទួលបាន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ដូច្នេះថា៖ «ចម្លើយសារភាពរបស់ជនសង្ស័យ ទាំង០៣រូប ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេ យ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើង បន្ទាប់ពីមានអង្គការសមាគម ប្រមាណ៧០ បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕