ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតសេនាធិការប្រចាំការ នៃគណៈកម្មការជាតិ ប្រយុទ្ធនឹង ជំងឺកូវីដ១៩ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាតការរីករាលដាលជំងឺកូវីដ១៩

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ជាមួយនឹងការចេញអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ១៩ (គ.ប.ក) រាជរដ្ឋាភិបាល បានបង្កើត គណៈប្រចាំការមួយ ដែលជាសេនាធិការប្រចាំការ នៃគ.ប.ក ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាតការរីក រាលដាលជំងឺកូវីដ១៩ ដែលមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន, រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធាន ព្រមទាំងមាន សមាសភាព សរុប១៩រូប។

តាមអនុក្រឹត្យបញ្ជាក់ឱ្យដឹងថា គណៈប្រចាំការដែលជាសេនាធិការប្រចាំការ នៃ គ.ប.ក មានភារកិច្ចដូចតទៅ៖
* ដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺ កូវីដ-១៩

* ដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃរបស់ គ.ប.ក. និងយន្តការនានាដែលចំណុះឱ្យ គ.ប.ក. ព្រមទាំងយន្តការពាក់ព័ន្ធផ្សេងទៀត លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩

* ដឹកនាំ និងសម្របសម្រួលការរៀបចំ «ផែនការយុទ្ធសាស្ត្រ» ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង បង្កើន ភាពម្ចាស់ការសំដៅធានាដល់និរន្តរភាពនៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃ វិស័យ សង្គម-សេដ្ឋកិច្ច តាម «គន្លងប្រក្រតីភាពថ្មី»។

* ណែនាំ និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ របស់គណៈកម្មការនានាចំណុះឱ្យ គ.ប.ក. និងយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត

* រាយការណ៍ផ្ទាល់ និងជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាល អំពីសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ និង

* អនុវត្តការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល។

គណៈប្រចាំការនៃ គ.ប.ក. ក៏អាចមានសមាសភាពចូលរួមផ្សេងទៀត តាមការចាំបាច់។ សមាសភាព ជាក់ស្តែងរបស់គណៈប្រចាំការនៃ គ.ប.ក. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាល។ ប្រធានគណៈប្រចាំការនៃ គ.ប.ក. អាចអញ្ជើញរដ្ឋមន្ត្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំ តាមការចាំបាច់។

គណៈប្រចាំការនៃ គ.ប.ក. ប្រើប្រាស់គណៈប្រតិបត្តិរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ជាលេខាធិការដ្ឋានរបស់ខ្លួន៕