រាជរដ្ឋាភិបាល បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតគណៈកម្មធិការ បច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះ សីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

តាមអនុក្រឹត្យ ដែលទទួលបាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា គណៈកម្មធិការនេះ មានអក្សកាត់ «គ.ប.ដ» ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយអនុប្រធាន២រូប និងមានសមាស ភាពសរុប ២៥រូប។

គ.ប.ដ. មានតួនាទីនិងភារកិច្ចដូចតទៅ៖
* ដឹកនាំនិងសម្របសម្រួលអន្តរក្រសួង ស្ថាប័នក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើ ប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

*ផ្តល់ការណែនាំជាយុទ្ធសាស្ត្រនិងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

* តាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ

* រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ជូន ក្រុមប្រឹក្សារៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

* ធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ – បំពេញ ភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន ក.ផ.ស.។

ខេត្តព្រះសីហនុជាខេត្តមាត់សមុទ្រដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរណ៍ និងច្រកចេញចូលទំនិញ ដោយមានកំពង់ផែធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។

រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប ១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕