ភ្នំពេញ ៖ បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០ តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈ ពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩ តោន ។ បើតាមការបញ្ជាក់ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈហ្វេសប៊ុកផេក។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧% ។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥%។
ក្នុងរយៈ ពេល៣ខែឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេស ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន។ ដោយឡែកប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន ចក្រ ភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧ តោន ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន២ ៦៩០ តោ ន ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២ ២២៥ តោន និង ប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន ២ ០៨៧តោន៕
បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន ១៩ប្រទេ ស មានបរិមាណសរុបចំនួន ៣៥ ៤៤២តោន (២៣,០៦ %) ទិស ដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៥ ៣៧០តោន (៥៥,៥៥%) ទិស ដៅអាស៊ានចំនួន ៣ប្រទេស មានបរិមា ណសរុបចំនួន ១១ ៦៥៨តោន (៧,៥៩ %) និងទិសដៅដទៃទៀតចំនួន១៨ប្រទេស មានបរិមាណសរុប ២១ ២១៨តោន (១៣,៨%) ។