ទណ្ឌិត៥៤២ នឹងស្នើសុំលើកលែង និងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ខណៈឈ្មោះទាំងនោះមានចំនួន ៥៤២នាក់។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានបញ្ជាក់ថា នៅព្រហស្បត្តិ៍ ទី ៣១ ខែមីនា វេលាម៉ោង ២ និង ៣០ នាទី រសៀល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិនេះតាមប្រព័ន្ធអេឡេត្រូនិក (ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលត្រូវបានស្នើសុំបន្ធូរ បន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២១។

លោកបន្តថា កិច្ចប្រជុំនេះធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន ២៣ (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង ៤) ដែលសរុបទណ្ឌិតមានចំនួន ៥៤២ នាក់ (ស្រី ៦៨ នាក់) ក្នុងនោះស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ៩ នាក់) និងស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)៕