ឃុំចំនួន៣ក្នុងស្រុកទឹកឈូ ខេត្តកំពត នឹងកាត់បញ្ចូលគ្នាអភិវឌ្ឍន៍ជា«ក្រុងបូកគោ»

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យបង្កើតក្រុងថ្មីទី២ ក្នុងខេត្តកំពត គឺ “ក្រុងបូកគោ” ដោយត្រូវកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ ដែលរួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត បានឱ្យដឹងថា ក្រុងបូកគោថ្មីនេះ នឹងមានសង្កាត់ចំនួន ៣ គឺសង្កាត់បឹងទឹក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ចំណែកឯទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។

ក្នុងអនុក្រឹត្យដដែល បញ្ជាក់ថា សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ រីឯការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូ ត្រូវអនុលោមតាមមាត្រា១៨ ថ្មី នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ ថ្មី នៃច្បាប់ស្ដីពីការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ជាធរមាន៕