ថ្ងៃស្អែកសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត នឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃស្អែក ទី៤ ខែមីនា ឆ្នាំ២០២១ នេះ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បើគ្មានអ្វីប្រែប្រួលទេ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាល បានបញ្ជាក់ថា វ៉ាក់សាំងកូវីសែល ដែលទើបប្រគល់ជូនកម្ពុជា នឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំកំពូល និងឥស្សរជនកម្ពុជាដែលមានអាយុលើសពី៦០ អាចចាក់វ៉ាក់សាំងនេះបាន ត្បិតវ៉ាក់សាំងផលិតនៅឥណ្ឌាមួយនេះ មិនបានកំណត់អាយុ ដូចវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននោះទេ។ លោកជំទាវបាន បន្ថែមថា គ្មានអ្វីប្រែប្រួលទេ នៅថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សូមជម្រាបថា វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤.000 ដូស បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី២ ខែមីនា និងបានដឹកជញ្ជូនទៅរក្សាទុក នៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល មុនពេលផ្តល់ជូនក្រុមពលរដ្ឋអាទិភាព ដូចជាក្រុមដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគកូវីដ-១៩។ វ៉ាក់សាំងកូវីដ-១៩ បន្ថែមទាំងនេះ នឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX ។

វ៉ាក់សាំងចំនួន ៣២៤.000 ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១,១ លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ខែឧសភា។ ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់ ២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្ត បន្ទាប់នៅក្នុងឆ្នាំនេះ៕