ក្រសួងបង្ហាញវិធានការ៥ចំណុចសម្រាប់រោងចក្រសហគ្រាស អំឡុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»

ភ្នំពេញ ៖ ក្នុងអំឡុងព្រឹត្តិការណ៍កូវីដ-១៩ «សហគមន៍ ថ្ងៃ២០កុម្ភៈ» ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញវិធានការ ៥ចំណុច ណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករ និយោជិត ដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងការងារបានបញ្ជាក់ដូចខាងក្រោម ៖

១. ត្រូវពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៤/២០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការ បង្ការជំងឺកូវីដ -១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ។

២. ត្រូវរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ៣ការពារ = ការពាក់ម៉ាស, ការលាងដៃ, និងការរក្សាគម្លាតសុវត្ថិភាពសង្គម” និងវិធានការ៣កុំ = កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់, កុំទៅកន្លែងមានមនុស្សច្រើនកុះករដែលមិនដឹងប្រភពច្បាស់លាស់ , និងកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា”។

៣. មិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនមែនជាអ្នកគ្រប់គ្រងឬកម្មករនិយោជិត ឬមន្ត្រីមានសមត្ថកិច្ច ចេញចូលបរិវេណរោងចក្រ សហគ្រាសជាដាច់ខាត។ ទន្ទឹមនឹងនោះ ត្រូវប្រាប់នូវប្រវត្តិនៃការធ្វើចត្តាឡីស័កនិងស្ថានភាពសុខភាពរបស់បុគ្គលិកដែលទើបវិលត្រឡប់មកពីបរទេសឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យចូលធ្វើការវិញ។

៤. ត្រូវផ្តល់ព័ត៌មានទៅក្រសួងសុខាភិបាលជាបន្ទាន់ ក្នុងករណីមានរោគសញ្ញាសង្ស័យណាមួយកើតឡើងចំពោះកម្មករនិយោជិតរបស់ខ្លួន។

៥. ត្រូវអប់រំ ណែនាំ និងលើកទឹកចិត្តឱ្យគ្រប់បុគ្គលិក កម្មករនិយោជិតទាំងអស់កុំគេចវេះពីការធ្វើចត្តាឡីស័ក ដែលការគេចនេះនឹងនាំឱ្យមានហានិភ័យដល់ខ្លួនឯងផង សុខភាពសាធារណៈផង និងត្រូវរងការពិន័យអន្តរកាលផងដែរ៕