រដ្ឋបាលសុខាភិបាល អំពាវនាវកុំឱ្យធ្វេសប្រហែសទោះបីកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩រួចហើយក្តី

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៏ថា ការពន្លឿនការចាក់វ៉ាក់សាំង គឺដោយសារកម្ពុជា នឹងត្រៀមទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ AstraZeneca របស់ចក្រភពអង់គ្លេស តាមរយៈ មជ្ឈមណ្ឌល Covax នៅខែមីនា ខាងមុខនេះ ប្រសិនបើ មិនមានបញ្ហាបច្ចេកទេស ណា មួយកើតឡើង។ ចាប់តាំងពីថ្ងៃទី១០ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំង ដល់មនុស្ស ចំនួន៣៨០៣នាក់។ ចំនួននេះបើធៀបទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រសួងការពារ ជាតិ ដល់កងកម្លាំងកម្ពុជា គឺមានអត្រាតិចជាងរហូតដល់ទៅ៤ដង ដោយគិតដល់ ពេលនេះក្រសួងការពារជាតិបានចាក់ វ៉ាក់សាំង ស៊ីណូហ្វាម ដល់កងកម្លាំង បានជិត ១៣ ០០០នាក់រួចមកហើយ។

លោកជំទាវ ឱ វណ្ណឌីន បាន ពន្យល់ថា ភាពយឺតយ៉ាវនៃការចាក់ វ៉ាក់សាំង កើតឡើង ដោយសារការ វ៉ាក់សាំងនេះធ្វើឡើងតាម គោលការណ៍ស័្មគ្រចិត្ត របស់ពលរដ្ឋ។ ម្យ៉ាងវិញក្រសួងមានផែនការក្នុងការផ្តល់វ៉ាក់សាំង ដល់ក្រុម អាទិភាព រួមមាន គ្រូពេទ្យកងកម្លាំង អ្នកសារព័ត៌មានជាដើម។ ដោយធ្វើ យ៉ាងឲ្យអ្នកដែលបានចាក់ វ៉ាក់សាំងដូស ទី១ រួចអាចទទួលបានវ៉ាក់សាំងដូស ទី២ទៀតតាមលក្ខខណ្ឌបច្ចេកទេស នៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ។

សូមជម្រាបថា កម្ពុជាទទួលបាន វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយ របស់ ចិនចំនួន៦០ម៉ឺនដូស នៅជំហានដំបូង។ រដ្ឋាភិបាល កម្ពុជា បានបែងចែកវ៉ាក់សាំង៣០ម៉ឺនដូសដល់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសដល់ក្រសួង ការពារ ជាតិ ។ បើ តាម គម្រោង រដ្ឋាភិបាល គ្រោង ប្រើប្រាស់ វ៉ាក់សាំង ៣០ ម៉ឺន ដូសនេះចាក់ ជូន ប្រជាពលរដ្ឋ ចំនួន ១៤៩៥០០នាក់ នៅជំហានដំបូងមុន ពេលទទួលបាន វ៉ាក់សាំង ពីយន្តការ Covaxនិង ប្រភពផ្សេងៗ ទៀត។

ទោះយ៉ាងណា លោកជំទាវអ្នកនាំពាក្យ នៅតែក្រើនរម្លឹកដល់សាធារណៈជន កុំឲ្យភ្លេចខ្លួន និងធ្វេសប្រហែសចំពោះវីរុសកូវីដ-១៩ ទោះកម្ពុជាមានវ៉ាក់សាំង ក៏ដោយ ពោលនៅតែបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដដែល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះនៅក្នុងសហគមន៕