រកឃើញម្ចាស់ជ័យលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២០ និងជ័យលាភីនិពន្ធប្រលោមលោក និងកំណាព្យ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញជ័យលាភីស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី និងប្រចាំឆ្នាំ២០២០។ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ បានបញ្ជាក់ថា ការប្រកួតពានរង្វាន់នេះ បានរួមចំណែកថែរក្សា អក្សរសិល្បិ៏ អក្សរសាស្ត្រជាតិ ដែលជាអត្តសញ្ញាណសំខាន់ក្នុងវិស័យវប្បធម៌ជាតិ។

ថ្លែងនៅក្នុងពិធីប្រគល់ជ័យលាភីប្រលងស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២០នៅព្រឹកថ្ងៃទី១៩ កុម្ភៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ បានប្រសាសន៏ថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងបានទទួលធនធានមនុស្សថ្មីក្នុងវិស័យតែងនិពន្ធ។ ត្បិតសមិទ្ធផលទាំងនេះនៅក្មេងខ្ចី ប៉ុន្តែជាសកម្មភាពមួយប្រកបដោយអត្ថប្រយោជន៏ធំធេង និងជាវិភាគទានដ៏មានតម្លៃក្នុងការជួយបណ្តុះបណ្តាលលើកទឹកចិត្តយុវជនឲ្យស្រលាញ់ចូលចិត្តការអាន ការសរសេរ ការតាក់តែង និពន្ធសៀវភៅ។ លោកជំទាវបញ្ជាក់ថា សិល្បៈវប្បធម៌បរទេសគ្រប់រួបភាព កំពុងហូរចូលកម្ពុជា ធ្វើឲ្យយុវជនមានការប្រែប្រួលឈោងចាប់ឆាប់រហ័ស ហេតុនេះ ទាំងអស់គ្នាជាប្រជាជាតិខ្មែរ ត្រូវតែមានកាតព្វកិច្ចចូលរួមថែរក្សា ការពារតម្លៃអត្តសញ្ញាណជាតិរបស់ខ្លួនឲ្យបានរឹងមាំ ព្រោះជាតិរស់ ព្រោះវប្ប ធម៌។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៏ថា ឆ្នាំ២០២០នេះ មានបេក្ខជនដាក់ស្នាដៃប្រកួតប្រជែងចំនួន១៦៦ស្នាដៃ កើនជាងឆ្នាំ២០១៩ចំនួន៧៥ស្នាដៃ ស្មើនឹង ៨២ភាគរយ។ ក្នុងនោះផ្នែកប្រលោមលោក១១៨ស្នាដៃ និងផ្នែកកំណាព្យចំនួន៤៨ស្នាដៃ ហើយមានអ្នកនិពន្ធរៀមច្បងចូលរួមប្រកួតប្រជែងប្រមាណ ៣៥ភាគរយ អ្នកនិពន្ធជំនាន់ថ្មី៦៥ភាគរ ដែលមកពីរាជធានីខេត្តចំនួន២៣។ បើតាមលោក កុក រស់ ក្រោយពិនិត្យ និងវាយតម្លៃពីរដំណាក់កាលរយៈពេល ៣ខែ គណៈកម្មការបានរកឃើញស្នាដៃដែលមានលក្ខណៈសម្បត្តិល្អ ស័ក្ត សមនឹងទទួលបានពានរង្វាន់ព្រះឥន្ទ្រទេវី ឆ្នាំ២០២០ ចំនួន៨ស្នាដៃ ក្នុងនោះប្រលោមលោក៥ស្នាដៃ និងកំណាព្យ៣ស្នាដៃ និងទទួលបានបណ្ឌកិត្តិយស ១២ស្នាដៃ៕