ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីនៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា សម្តេចនឹងមិនចាក់វ៉ាក់សាំង ស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ តាមការគ្រោងទុកនោះឡើយ ដោយសារវ៉ាក់សាំងដែលនឹងមកដល់កម្ពុជា នាចុងសប្តាហ៍នេះ សម្រាប់ប្រើលើមនុស្សចន្លោះអាយុពី១៨ ទៅ ៥៨ឆ្នាំប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook ផេកដដែលនេះថា ៖ «ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា ៖ «សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ»។
សូមបញ្ជាក់ថា វ៉ាក់សាំង ស៊ីណូហ្វាម ជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូសក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ វ៉ាក់សាំងនេះ នឹងចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកផ្តល់សេវាចាំបាច់មួយចំនួន៕