ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថី សម្រាប់លក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់។ឆ្លងតាមការប្រជុំពិភាក្សា លោកអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះ ឱ្យបានសមស្រប។
លោក គួច ចំរើន បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំង បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្ម ស្តង់ដារ Street Food នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ បានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។
បន្ថែមពីនោះ អ្នកដែលត្រូវបានអនុញ្ញាត ឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន ហើយអ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌ ត្រូវណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាម អាចបញ្ឈប់លែងឱ្យលក់៕ ដោយ ៖ មនោរាហ៍