ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអះអាងថា ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទំាងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ ក្រោមទស្សនាទានថ្មីគឺ « គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។
ក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តន៍នូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំយុវជននិង កីឡាត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។ ទន្ទឹមនេះ ក្រសួងអប់រំយុវជន និងកីឡាត្រូវរៀបចំនិងអនុវត្តន៍ កម្មវិធីសិក្សាបំព្រួញ ដោយកំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេស មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ៕