ភ្នំពេញ ៖ ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ថា ក្រសួងបានរកឃើញករណីវិជ្ជមាន១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា (ដែលមិនមានពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា)។ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជ ធានីភ្នំពេញ បានធ្វើ ដំណើរមកពីប្រទេសសិង្ហបុរី តាមជើង ហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបា លនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
តាមសេចក្តីជូនដំណឹងបង្ហាញថា ៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥១នាក់ ដែលនៅ ក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៥០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ -១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ២៧នាក់ និងនៅសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ២៣នាក់។
សេចក្តីប្រកាសឲ្យដឹងដែរថា ថ្ងៃនេះ ក៏មានករណីជាសះ ស្បើយ០១នាក់ តែមិនមានពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៏២៨ វិច្ឆិកាទេ។ អ្នកដែលជាសះស្បើយនោះគឺស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសៈស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
សូមជម្រាបថា លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យា ស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើវិភាគវត្ថុសំណាក ដែលទទួលបានចំនួន០៣សំណាក គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១ នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៧នាក់ (ស្រី ១៨នាក់ និងប្រុស ១៩នាក់)៕