កងអន្តរាគមន៍នៃកម្លាំងទាំងបីបានត្រៀមរួចហើយសម្រាប់ការ ដឹកជញ្ជូនពលករដែលមកពីប្រទេសថៃ

បន្ទាយមានជ័យ ៖ ខេត្តសាមុតសាខន ជាខេត្តឧស្សាហកម្មមួយដ៏ធំរបស់ប្រទេសថៃ ខេត្តនេះមានពលករចំណាកស្រុកជាច្រើនពូជសាសន៍បានទៅរស់នៅដើម្បីធ្វើការតាមរោងចក្រ សហគ្រាសនិងចុះធ្វើការងារសមុទ្រ ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ។

ក្រោយមានការផ្ទុះជំងឹកូវិដ-១៩ ជាង៥០០ករណីក្នុងមួយថ្ងៃ ខេត្តនេះត្រូវបានអាជ្ញាធរប្រកាសដាក់ក្នុងភាពអាសន្ន ដែលប្រជាពលរដ្ឋទាំងអស់ត្រូវបានបង្ខាំងមិនអោយធ្វើដំណើរចេញពីខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យធ្វើតេស្ត និងព្យាបាល។ ដោយសារមានករណីផ្ទុះនេះ បានធ្វើអោយប្រជាពលរដ្ឋជាពលករទាំងអស់មានការជ្រួលច្របល់ ភ័យខ្លាច ពីការឆ្លងហើយបានបង្ខំចិត្តវិលនិវត្តន៍ទៅរកប្រទេសរបស់ខ្លួនតាមគ្រប់រូបភាព ក្នុងនោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងកាលៈទេសៈនោះ ក៏បានធ្វើការគេចវេះតាមគ្រប់រូបភាពមកកាន់ប្រទេសកម្ពុជាវិញដែរ។

ដើម្បីគ្រប់គ្រងសភាពការណ៍នៃការរីករាលជំងឺកូវិដ-១៩ តាមរយៈនៃការវិលត្រឡប់របស់បងប្អូនពលករខ្មែរ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់គ្រប់បណ្តាខេត្តជាប់ព្រំដែនថៃ ឱ្យបង្កើនការយកចិត្តទុកដាក់ គ្រប់គ្រងអោយបានរាល់ការវិលត្រឡប់របស់បងប្អូនខ្មែរដោយដាក់កម្លាំងអន្តរាគមន៍រឹតបន្តឹងការឆ្លងដែនអនាធិបតេយ្យដោយគេចវេះគ្មានការត្រួតពិនិត្យសុខភាពត្រឹមត្រូវ។

ដើម្បីអនុវត្តន៍អនុសាសន៍នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក៏បានដាក់ផែនការគោលដៅបើកច្រកធំបិទច្រករបៀងឱ្យជាប់សម្រាប់ទទួលរាល់ការវិលត្រឡប់របស់បងប្អូន។ជាមួយនឹងការរៀបចំក្នុងការទទួលនេះដែរ នាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនិងជាមេបញ្ជាការទិសយោធភូមិភាគទី៤ និងទី៥ បានចុះផ្ទាល់ដើម្បីដឹកនាំបញ្ជាកងកម្លាំងទាងបីដែលកំពុងត្រៀមលក្ខណៈទប់ស្កាត់និងសម្រួលដល់ការវិលនិវត្តន៍។

ក្រោយពីមានការផ្ទុះនូវការឆ្លងជំងឺងឺកូវិដ-១៩ ក្នុងខេត្តសាមុតសាខន ប្រទេសថៃ រហូតមកទល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ ឃើញថា មានពលករប្រុសស្រីចំណាកស្រុកប្រមាណជិត ២០០នាក់ហើយដែលបានវិលនិវត្តន៍មកពីប្រទេសថៃ វិញ តាមច្រកបឹងត្រកួន នៃស្រុកថ្មពួក។ពួកគាត់ត្រូវបានក្រុមការងារទទួលដោយភាពរាក់ទាក់ និងបានអោយពួកគាត់ចូលរួមធ្វើចត្តាឡីសក័តាមករណែនាំរបស់ក្រសួងសុខាភិបាល។

ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ម្សិលមិញ នាយឧត្ដមសេនីយ៍ ខេង សាម៉េត បានប្រាប់ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចេញសារបន្ទាន់មួយប្រកាសកុំឲ្យសាច់ញាតិនៅកម្ពុជា ុមានការព្រួយបារម្ភដល់កូនដែលថៃជម្លៀសមកកម្ពុជាវិញ ត្រូវជឿជាក់លើវិធានការណ៍ ដឹកនាំ របស់ក្រសួងសុខាភិបាលប្រទេសថៃ និងពាក្យស្លោកមួយថា ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក។ នាយឧត្តមសេនីយ៍ ខេង សាមេធ ក៏បានបញ្ជាក់ផងដែរថា រថយន្ត៣០គ្រឿង បានមកដល់ និងកំពុងបញ្ឈរតាមគោលដៅនានានៃបន្ទាត់ព្រំដែនដើម្បីដឹកជញ្ជូនបងប្អូនទៅកាន់ស្រុកកំណើតវិញដោយមិនយកថ្លៃ ក្រោយពីបានធ្វើចត្តាឡីស័កត្រឹមត្រូវរយៈពេល១៤ថ្ងៃ។ជាមួយនោះ បងប្អូនដែលវិលត្រឡប់មិនអនុញ្ញាតធ្វើដំណើរដោយខ្លួនតាមរយៈរថយន្តឈ្នួលនោះទេ ធ្វើបែបនេះដើម្បីសម្រួលរាល់ការចំណាយផ្សេងៗរបស់បងប្អូននិងងាយស្រួលដល់ការគ្រប់គ្រងឱ្យបងប្អូនចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នាតាមគោលដៅមណ្ឌលដែលខេត្តបានរៀបចំទុក ធ្វើបែបនេះដើម្បីសហគមន៍យើងគ្មានការរីករាលជំងឺកូវិដ-១៩៕