មន្ត្រីអាជ្ញាធរចុះទៅនាំលោក គង់ រ៉ៃយ៉ា និងភរិយា ដែលត្រឡប់មកពីថៃ គេចវេះមិនធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ អនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិសែនជ័យ បានអញ្ជើញបុរស និង ស្ត្រីម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍ ក្រោយពី២នាក់ប្តីប្រពន្ធ១គូរនេះ បានត្រឡប់មកពីប្រទេសថៃ មិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

ក្រុមការងារបានចុះអនុវត្តការងារនេះកាលពីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានថា មានបុរសខាងលើនេះបានត្រឡប់មកពីប្រទេសថៃមកដល់ផ្ទះនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយមិនបានអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កបានត្រឹមត្រូវនោះ ក្រុមការងារសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចុះមកអញ្ជើញ លោក គង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីត-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍។

លោកអភិបាលរងបានបន្តទៀតថា មិនមែនតែពេលនេះទេ ជាទូទៅឲ្យតែទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ នោះអាជ្ញាធរ និងមន្ត្រីជំនាញរបស់យើងតែងតែមកអញ្ជើញគាត់ឲ្យទៅធ្វើចត្តាឡីស័ក ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យទាំងមូល ក៏ដូចជានៅរាជធានីភ្នំពេញ មេត្តាផ្តល់ព័ត៌មានទៅអាជ្ញាធរ សង្កាត់ ភូមិ បើឃើញអ្នកទើបត្រឡប់មកពីបរទេស ហើយមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ មកស្នាក់នៅក្នុងភូមិរបស់យើង ឬ ហៅទៅកាន់លេខ១១៥។ ធ្វើយ៉ាងនេះ យើងអាចចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ មកក្នុងសហគមន៍របស់យើងតទៅទៀត។

បងប្អូនប្រជាពលរដ្ឋដែលរស់ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្ដែងនូវក្តីត្រេកអរឥតឧបមា ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ លើការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ស្របពេលដែលជំងឺនេះ កំពុងតែរាតត្បាតលើពិភពលោក ក៏ដូចជាកម្ពុជា។

សូមបញ្ជាក់ថា លោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូន ខេត្តបាត់ដំបង ហើយបានមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ទើបក្រុមការងារ អញ្ជើញពួកគាត់ទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ ក៏បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ តាមខ្នងផ្ទះ ដល់ផ្ទះដែលនៅជំវិញ ផ្ទះលោករ៉ៃយ៉ានេះ ផងដែរ៕