ភ្នំពេញ ៖ តាមការគ្រោងទុក នៅថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំពេញអង្គលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រទី១៨ខែធ្នូឆ្នាំ២០២០ បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាគ្នា លើពង្រាងច្បាប់សំខាន់ៗមួយចំនួនទៅតាមសំណើររបស់រាជរដ្ឋាភិបាល និងបានកំណត់យកថ្ងៃនេះ ដើម្បីបន្តសម័យប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រៀងច្បាប់ និងរបៀបវារៈសំខាន់ៗមួយចំនួនទៀត។
បើតាម ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាកព្រឹទ្ធសភា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំអចិន្រ្តៃយ៍នេះថា របៀបវារៈដែលនឹងត្រូវលើកយកទៅពិនិត្យនឹងពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គនាពេលខាងមុខនោះរួមមានដូចដូចជា ៖
១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ។
៣-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ។
៤-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។
៥-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
៦-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ ១.ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃប្រទេសជាសមាជិកអាស៊ានណាមួយ ។ ២.ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដី នៃប្រទេសជាសមាជិកអាស៊ាន។
៧-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម៕